មហាសេដ្ឋីបារាំង បើកសម្ពោធក្រុមហ៊ុនថ្មី ឲ្យកូនប្រុសច្បងជាអ្នកកាន់កាប់

អន្តរជាតិ

ក្រុមហ៊ុនរបស់មហាសេដ្ឋីបារាំង Bernard Arnault គឺ LVMH បានប្រកាសបើកសម្ពោធក្រុមហ៊ុន​បុត្រសម្ព័ន្ធថ្មីមួយ ដែលរកស៊ីនៅលើវិស័យកម្សាន្ត ហើយក្រុមហ៊ុនមួយនេះ គឺប្រគល់ឲ្យកូនប្រុស​ច្បង លោក Antoine Arnault ជាអ្នកគ្រប់គ្រង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្រុមហ៊ុនថ្មីនោះមានឈ្មោះថា 22 Montaigne Entertainment ដែលវាសម្ដៅទៅលើទីតាំងហាងរបស់ក្រុមហ៊ុន LVMH នៅលើមហាវិធី Avenue Montaigne នៅក្នុងទីក្រុងប៉ារីសផ្ទាល់។

ក្រុមហ៊ុនមួយនេះបង្កើតឡើង ក្រោមការចូលហ៊ុនជាមួយក្រុមហ៊ុន Superconnector Studios ស្របពេលគោលបំណងនៃការបង្កើតវាឡើង ក្រោយមើលឃើញថា ក្រុមហ៊ុនមេ LVMH គឺកំពុងមានភាពរីកចម្រើន និងមានកិច្ចសហប្រតិបត្តិការច្រើន ជាមួយវិស័យកម្សាន្តនានា។

សូមជម្រាបបន្ថែមថា ក្រុមហ៊ុន​ខ្នាតយក្ស LVMH ក៏មានមហិច្ឆតាខ្ពស់ ក្នុងការចូលរួមនៅ​លើវិស័យកម្សាន្ត ដោយមានបំណងចង់ក្លាយជាអ្នកផលិត ចែកចាយ និងផ្គត់ផ្គង់មាតិកាធំៗ នៅលើកម្មវិធីប៉ុស្ត៍ទូរទស្សន៍ និងភាពយន្តបែបប្រណីតៗថែមទៀត៕