ប្រធាន IRS៖ សេដ្ឋី និងមហាសេដ្ឋីអាមេរិក គេចវែសការបង់ពន្ធច្រើនជាង ១៥០ពាន់លានដុល្លារ

អន្តរជាតិ

ប្រធានសេវាកម្មប្រាក់ចំណូលផ្ទៃក្នុង (IRS) លោក ដានីញ៉ែល វឺហ្វល បានអះអាងថា សេដ្ឋី និងមហាសេដ្ឋីអាមេរិក បានគេចវែសការបង់ពន្ធច្រើនជាង ១៥០ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារកង្វះភាពយុត្តិធម៌ នៅក្នុងប្រព័ន្ធពន្ធដារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“នៅពេលដែលខ្ញុំពិនិត្យមើលពីចន្លោះប្រហោងនៃប្រព័ន្ធពន្ធដារ ខ្ញុំឃើញថាក្រុមសេដ្ឋី និងមហាសេដ្ឋី មានការបង់ពន្ធតិចតួចមែនទែន ខុសពីប្រាក់ចំណូលដែលពួកគេទទួលបាន ហើយសរុបទៅ គឺបាត់បង់ទឹកប្រាក់ច្រើនជាង ១៥០ពាន់លានដុល្លារ”។ នេះបើតាមសម្ដីរបស់លោក ដានីញ៉ែល បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ CNBC។

គួររំលឹកបន្តិចថា IRS ទើបទទួលបាននូវកញ្ចប់ទឹកប្រាក់ខ្ទង់ពាន់លានដុល្លារពីសភា ដើម្បីធ្វើការបង្ក្រាបទៅលើបុគ្គលមានទ្រព្យសម្បត្តិច្រើន និងក្រុមហ៊ុនធំៗនៅអាមេរិក ដែលកំពុងគេចវែសពីការបង់ពន្ធ។

ជាមួយគ្នា ក្រសួងរតនាគារអាមេរិក ក៏បានព្យាករណ៍កាលពីសប្ដាហ៍មុនថា កាលណា IRS ជោគជ័យជាមួយនឹងការបង្ក្រាបមួយនេះ ប្រាក់ចំណូលពន្ធដារចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៤ នឹងមានកំណើន ៥៦១ពាន់លានដុល្លារបន្ថែមទៀត។

សូមជម្រាបបន្ថែមថា IRS បានបង្ហើបប្រាប់សារព័ត៌មាន CNBC ថា មានសេដ្ឋីអាមេរិកប្រហែល ១ ៦០០នាក់ កំពុងគេចវែសការបង់ពន្ធ ខណៈទឹកប្រាក់ដែលពួកគេត្រូវបង់ពន្ធជូនរដ្ឋ គឺយ៉ាងតិច ២៥០ ០០០ដុល្លារក្នុងម្នាក់ ស្របពេលបច្ចុប្បន្ននេះ IRS ប្រមូលលុយបាន ៤៨០លានដុល្លារ ហើយក៏កំពុងបន្តប្រមែប្រមូលលុយបន្ថែមទៀតផងដែរ៕