មេធំក្រុមហ៊ុនបន្ទះឈីប Nvidia សំងំកើបលុយជាង ៨ពាន់លានដុល្លារ ត្រឹមរយៈពេលមួយថ្ងៃ

អន្តរជាតិ

រយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ ដែលសហស្ថាបនិកក្រុមហ៊ុនផលិតបន្ទះឈីប Nvidia មហាសេដ្ឋី Jensen Huang កើនទ្រព្យសម្បត្តិប្រហែល ៨,៥ពាន់លានដុល្លារ និងក្លាយជាមហាសេដ្ឋីមានបំផុតលើលោកទី២១។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំណើនទ្រព្យសម្បត្តិដ៏ច្រើនរបស់មហាសេដ្ឋីអាមេរិកម្នាក់នេះ គឺកើតឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ដោយសារតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia ហក់ឡើងខ្ពស់ ១៥% និងធ្វើឲ្យទ្រព្យសម្បត្តិរបស់ CEO ម្នាក់នេះ មានចំនួនសរុបដល់ទៅ ៦៨,១ពាន់លានដុល្លារ។

គួររំលឹកបន្តិចថា តាំងពីក្រុមហ៊ុន Nvidia បានបង្កើតកាលពីឆ្នាំ១៩៩៣ មកទល់បច្ចុប្បន្ននេះ លោក Huang បានអង្គុយនៅកៅអីលំដាប់កំពូលប្រចាំក្រុមហ៊ុន ក្នុងនាមជាសហស្ថាបនិក ជានាយកប្រតិបត្តិ ជាប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលប្រចាំក្រុមហ៊ុនថែមទៀត ហើយបច្ចុប្បន្ននេះ លោកមានចំណែកភាគហ៊ុនប្រហែល ៣% នៅក្នុងក្រុមហ៊ុន។

សូមជម្រាបបន្ថែមថា ក្រុមហ៊ុនបច្ចេកវិទ្យា និងជំនាញលើការផលិតបន្ទះឈីប Nvidia គឺជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិឈានមុខគេមួយ ដោយបច្ចុប្បន្ន ក្រុមហ៊ុនមួយនេះមានមូលធនទីផ្សារសរុបរហូតដល់ទៅ ១,៩៤ទ្រីលានដុល្លារឯណោះ៕