រដ្ឋាភិបាលចិន អនុម័តកម្ចីជិត ១៨ពាន់លានដុល្លារ ជួយបញ្ចប់គម្រោងលំនៅឋានដែលជាប់គាំង

អន្តរជាតិ

អាជ្ញាធរលំនៅដ្ឋានរបស់ប្រទេសចិន បាននិយាយថាប្រាក់កម្ចីជាង ១២៣ពាន់លានយ៉ន់ (១៧,២ពាន់លានដុល្លារ) ត្រូវបានអនុម័តរួចរាល់ហើយ ក្រោមយន្តការពិសេសមួយដែលមានគោលបំណងក្នុងការជួយបញ្ចប់គម្រោងលំនៅឋានដែលជាប់គាំងនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AsiaFinancial។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្រោមយន្តការថ្មីដែលមានឈ្មោះថា “បញ្ជីស” របស់ប្រទេសចិន ដែលត្រូវបានដាក់ចេញលើកដំបូងនៅថ្ងៃទី២៦ ខែមករាកន្លងទៅ រដ្ឋាភិបាលទីក្រុង បានណែនាំគម្រោងលំនៅដ្ឋានដែលកំពុងជាប់គាំងជាច្រើន របស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុក ទៅកាន់ធនាគារ សម្រាប់ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសម្របសម្រួលជាមួយស្ថាប័នហិរញ្ញវត្ថុ ដើម្បីបញ្ចប់គម្រោងទាំងនោះ។

ជុំវិញយន្តការថ្មីនេះ គឺជាផែនការដ៏សំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការធ្វើឲ្យមានស្ថិរភាពចំពោះវិបត្តិបំណុលនៃវិស័យអចលនទ្រព្យ និងជំរុញទំនុកចិត្តបន្ថែមទៀត នៅក្នុងវិស័យអចលនទ្រព្យដែលបានចូលរួមចំណែកមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន។

ជម្រាបជូនផងដែរថា រហូតមកដល់ពេលនេះទីក្រុងចំនួន ២១៤ នៅទូទាំងប្រទេស បានរៀបចំទទួលយកយន្តការថ្មីនេះ ដោយបានណែនាំពីគម្រោងរបស់ខ្លួនជាង ៥ ៣០០ ដល់ធនាគារ ដើម្បីទទួលបានប្រាក់ជំនួយក្នុងការបញ្ចប់គម្រោងរបស់ខ្លួន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍទីក្រុង-ជនបទ បានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារ ទី២០​ ខែកុម្ភ:កន្លងទៅ៕