វៀតណាម បានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី១០ របស់ប្រទេសសិង្ហបុរី នៅក្នុងខែមករា ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសរុបឈានដល់ជាង ២,៩ពាន់លានដុល្លារសិង្ហបុរី (២,១៦ពាន់លានដុល្លារ) ពោលគឺបានកើនឡើង ១៨,០៨% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំនៅក្នុងរដ្ឋដីកោះមួយនេះ បានរាយការណ៍ឲ្យដឹងទៀតថា ការនាំចេញភាគច្រើនរបស់វៀតណាម ទៅកាន់សិង្ហបុរីទទួលបានកំណើនខ្ពស់ក្នុងខែមករា។ ក្នុងចំណោមនោះទំនិញនាំចេញដ៏សំខាន់ដូចជា ដែក និងផលិតផលដែកកើនឡើងជាង ៣០ដង ខណៈពេលដែលអំបិល ស្ពាន់ធ័រ ដី ថ្ម កំបោរ និងស៊ីម៉ងត៍កើនឡើង ១,២២ដង។
ទន្ទឹមនឹងនេះ ការនាំចេញខ្លាញ់សត្វ និងប្រេងឆា កើនឡើង ៨៥.៣២% ស្របពេលគ្រឿងម៉ាស៊ីន គ្រឿងបរិក្ខារ ទូរស័ព្ទដៃ គ្រឿងបន្លាស់ បានកើនឡើង ៥០,៦២% ដល់តម្លៃ ២៥៥,២លានដុល្លារសិង្ហបុរី។
ដោយឡែកចំពោះការនាំចូលរបស់វៀតណាម ពីប្រទេសសិង្ហបុរីវិញ ទំនិញសំខាន់ៗជាងគេមានដូចជា គ្រឿងម៉ាស៊ីន គ្រឿងបរិក្ខារ ទូរស័ព្ទដៃ និងគ្រឿងបន្លាស់ ត្រូវបានគេរាយការណ៍ថាមានការកើនឡើង ១៩,៨២% ខណ:ទំនិញសេសសល់ផ្សេងទៀតមានកំណើនជាង ២០%។
ជម្រាបជូនផងដែរថា ដើម្បីជំរុញការនាំចេញទៅកាន់ប្រទេសសិង្ហបុរី ការិយាល័យពាណិជ្ជកម្មវៀតណាម នឹងបន្តធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងស្ថានភាពនាំចូល-នាំចេញទៅកាន់រដ្ឋដីកោះមួយនេះ ដោយសម្រួលទំនាក់ទំនងពាណិជ្ជកម្មរវាងក្រុមហ៊ុននៃប្រទេសទាំងពីរ ក៏ដូចជាជួយដល់ក្រុមហ៊ុនសិង្ហបុរី ក្នុងការស្វែងរកប្រភពទំនិញ និងការវិនិយោគនៅវៀតណាមបន្ថែមទៀត ផងដែរ៕