ការនាំចេញអាហារសមុទ្ររបស់វៀតណាមក្នុងខែមករា បានកើនឡើង៦៤% បើធៀបនឹងឆ្នាំំមុន ឬដល់់ទៅជិត ៧៥០លានដុល្លារ ជាមួយនឹងទីផ្សារនៃការនាំចេញមានការកើនឡើងយ៉ាងខ្លាំង ទៅកាន់បណ្តាប្រទេសធំៗមួយចំនួនដូចជាចិន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។
សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បានលើកឡើងថា ការនាំចេញអាហារសមុទ្រទៅកាន់ប្រទេសចិនបានកើនឡើងដល់ទៅបីដង។ ប្រទេសចិន រាប់ទាំងហុងកុងផងដែរនោះ គឺជាទីផ្សារនាំចេញអាហារសមុទ្រធំទីពីររបស់វៀតណាម បន្ទាប់ពីប្រទេសជប៉ុន។ មិនត្រឹមតែប៉ុណ្ណោះ សមាគមក៏បានលើកឡើងដែរថា ចំពោះការនាំចេញទៅកាន់ប្រទេសជប៉ុនបានកើនឡើង៤៣% ខណៈសហរដ្ឋអាមេរិកបានកើនឡើង៦៣% ចំណែកឯសហភាពអឺរ៉ុបវិញក៏មានការកើនឡើង៣៤% ផងដែរ។
យ៉ាងណា ក្រុមអ្នកនាំចេញបាននិយាយថា បញ្ហាប្រឈមនៅតែបន្តរារាំងចំពោះការស្ទុះងើបឡើងវិញនៃការនាំចេញ តម្រូវការពិភពលោកនៅតែខ្សោយ ដូច្នេះហើយតម្លៃនៅតែទាប ពួកគេនៅមានស្តុកធំ ហើយក៏កំពុងលំបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសឥណ្ឌា ក៏ដូចជាអេក្វាឌ័រជាដើម។
មិនខុសអ្វីពីក្រុមអ្នកនាំចេញនោះទេ VASEP បានលើកឡើងពីផលវិបាកដូចគ្នាដែរថា ក្រុមហ៊ុននាំចេញអាហារសមុទ្រជាទូទៅកំពុងប្រឈមមុខនឹងការលំបាក ដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយនៅសមុទ្រក្រហម ក៏ដូចជាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បណ្តាលឲ្យថ្លៃដឹកជញ្ជូនមានការកើនឡើងខ្លាំងជាងមុន។ លើសពីនោះ VASEP បានដាក់ក្តីរំពឹងថា ការនាំចេញគ្រឿងសមុទ្រនឹងកើនឡើងបន្តិចបន្តួចប៉ុណ្ណោះដល់ចំនួន ៩,៥ពាន់លានដុល្លារនៅឆ្នាំ២០២៤ នេះ៕