អាមេរិក ប្រកាសដាក់ទណ្ឌកម្មធំបំផុតមិនធ្លាប់ទៅលើរុស្ស៊ី ចំថ្ងៃខួបពីរឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែន

អន្តរជាតិ

រដ្ឋបាលប្រធានាធិបតី ចូ បៃដិន ថ្មីៗនេះ បានប្រកាសដាក់ទណ្ឌកម្មថ្មីទៅលើបុគ្គល និងស្ថាប័នរុស្ស៊ីជាង ៥០០ ដើម្បីជាការឆ្លើយទៅនឹងការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexey Navalny និងការលុកលុយដែលកំពុងបន្តរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ទៅលើប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញវិធានការចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកនេះ គឺជាការដាក់ទណ្ឌកម្មដ៏ធំបំផុតមួយមិនធ្លាប់មាន ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន កាលពី ២ឆ្នាំមុន ហើយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់រដ្ឋបាលលោក បៃដិន ដើម្បីកាត់ផ្តាច់ប្រាក់ចំណូលរបស់វិមានក្រឹមឡាំង និងរារាំងសមត្ថភាពរបស់រុស្ស៊ី ក្នុងការទិញសម្ភារ:សម្រាប់ការបង្ករសង្គ្រាមរបស់ខ្លួន។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានបញ្ជាក់ទៀតថា ការដាក់ទណ្ឌកម្មថ្មីនេះ មានគោលដៅហាមឃាត់មិនឲ្យស្ថាប័ន ឬបុគ្គលរុស្ស៊ី ចូលទៅប្រើប្រាស់ទ្រព្យសម្បត្តិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏ដូចជាការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក និងប្រព័ន្ធហិរញ្ញវត្ថុ និងការចូលរួមក្នុងប្រតិបត្តិការដែលមានការពាក់ព័ន្ធជាមួយនឹងពលរដ្ឋ ឬអាជីវកម្មអាមេរិក។

បន្ថែមពីលើទណ្ឌកម្មដែលដាក់ដោយក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេស រដ្ឋបាលលោក ចូ បៃដិន ក៏បានប្រកាសពីការរឹតបន្តឹងការធ្វើពាណិជ្ជកម្មប្រឆាំងនឹងអង្គភាពរុស្ស៊ីជាង ៩០ តាមរយៈនាយកដ្ឋានពាណិជ្ជកម្មផងដែរ។

ជម្រាបជូនផងដែរថា ក្រៅតែពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ក៏បានប្រកាសនូវទណ្ឌកម្មទី១៣ របស់ខ្លួនផងដែរ ដោយផ្តោតលើក្រុមហ៊ុន និងបុគ្គលជិត ២០០ ដែលត្រូវបានចោទប្រកាន់ថាបានជួយរុស្ស៊ីក្នុងការទិញអាវុធ ឬពាក់ព័ន្ធនឹងការចាប់ពង្រត់កុមារអ៊ុយក្រែន ៕