មហាសេដ្ឋីឥណ្ឌា ទិញរថយន្ត Rang Rover របស់អតីតម្ចាស់ក្សត្រី Queen Elizabeth II

អន្តរជាតិ

កាលពីពេលថ្មីនេះ លោក Yohan Poonawalla មហាសេដ្ឋីឥណ្ឌា និងជាអ្នកស្រលាញ់រថយន្តទំនើបៗ បានសម្រេចចិត្តចូលរួមការដេញថ្លៃរថយន្ត Rang Rover មួយគ្រឿងរបស់អតីតម្ចាស់ក្សត្រី Queen Elizabeth II ដែលបានចូលទិវង្គតកាលពីឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ CarToq បានបង្ហាញថា រថយន្តម៉ាក Rang Rover SDV8 សេរីឆ្នាំ២០១៦ របស់អតីតម្ចាស់ក្សត្រីចក្រភពអង់គ្លេស ត្រូវបានបង្ហាញវត្តមាននៅក្នុង​កម្មវិធីដេញថ្លៃរថយន្តមួយ ក្នុងតម្លៃដេញថ្លៃចាប់ពីជាង ២សែនដុល្លារ ក៏ប៉ុន្តែមហាសេដ្ឋីឥណ្ឌា Poonawalla បានក្លាយជាម្ចាស់រថយន្តមួយនេះ ដោយមិនបង្ហាញពីទំហំចំណាយដើម្បី​ឈ្នះការដេញថ្លៃឡើយ។

អ្នកជំនួញខ្នាតយក្សរូបនេះ បានប្រាប់បណ្ដាញសារព័ត៌មានថា ចំណុចពិសេសរបស់រថយន្ត Rang Rover មួយគ្រឿងនេះ គឺស្លាកលេខរបស់វា ដ្បិតគ្រប់រថយន្តដែលប្រើនៅក្នុងរាជវាំង តម្រូវឲ្យផ្លាស់ប្ដូរស្លាកលេខ ក៏ប៉ុន្តែ Rang Rover មួយគ្រឿងនេះបំពាក់ស្លាកលេខ OU16 X V H គ្រប់ពេលដែលម្ចាស់ក្សត្រីប្រើប្រាស់វា។

ចំណុចពិសេសផ្សេងទៀត ដែលរថយន្តមួយគ្រឿងនេះមានលក្ខណៈខុសប្លែកពីគេគឺ ការកែច្នៃសឹងតែពេញមួយតួរថយន្ត ដើម្បីស្របតាមតម្រូវការរបស់ម្ចាស់ក្សត្រី Queen Elizabeth II ដូចជា ការផ្លាស់ប្ដូរចង្កៀងខាងមុខ ការបំពាក់បន្ថែមនូវឈ្នាន់ និងបង្កាន់ដៃ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការឡើងចុះរថយន្ត ក៏ដូចជាភ្លើងសារ៉ែនដែលមាននៅក្នុងរថយន្តជាដើម។

សូមជម្រាបបន្ថែមថា លោក Poonawalla បានបញ្ជាក់ប្រាប់ថា លោកគ្មានបំណងប្រើប្រាស់រថយន្ត Rang Rover មួយគ្រឿងនេះទេ ដោយចង់បានវាមកដាក់តាំងបង្ហាញ ជាមួយរថយន្តប្រណីតៗផ្សេងទៀត ដែលមានស្រាប់ក្នុងផ្ទះ ហើយម្យ៉ាងទៀតវាធ្លាប់ជាយានជំនិះរបស់ម្ចាស់ក្សត្រីថែមទៀត ដូច្នេះការដែលទិញរបស់មាន​តម្លៃបែបនេះបាន វាគឺជារឿងកម្រខ្លាំងណាស់៕