ព្រះមហាក្សត្រម៉ាឡេស៊ី ជុំរុញឲ្យមានការរួបរួមគ្នាជា​ធ្លុង​មួយ ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ

អន្តរជាតិ

មហាក្សត្រម៉ាឡេស៊ី ព្រះចៅស៊ុលតង់ អ៊ីប្រាហ៊ីម បានថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំលើកដំបូងនៃសម័យប្រជុំលើកទី៣ នៃសភានីតិកាលទី១៥ កាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ ដោយជំរុញឲ្យតំណាងរាស្រ្តមកពីគ្រប់គណបក្សនយោបាយក្នុងប្រទេសទាំងអស់រួបរួមគ្នា និងធ្វើការរួមគ្នាដើម្បីការអភិវឌ្ឍប្រទេសជាតិ និងសុខុមាលភាពរបស់ប្រជាជនម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសំដៅលើការអភិវឌ្ឍសេដ្ឋកិច្ច ព្រះចៅស៊ុលតង់ បានមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែប្រកាន់យកនូវវិធីសាស្រ្តសកម្មមួយ ដើម្បីអនុវត្តកំណែទម្រង់សំដៅលើការលើកកំពស់សមត្ថភាពប្រកួតប្រជែង ដើម្បីឆ្ពោះទៅរកគោលដៅក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងអាចបំពេញតាមតម្រូវការនាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ ដោយនិយាយទាក់ទិននឹងសន្តិសុខស្បៀងជាតិ ព្រះអង្គក៏បានស្នើឲ្យរដ្ឋាភិបាលជំរុញដល់ផលិតកម្មក្នុងស្រុក ដើម្បីធានាការផ្គត់ផ្គង់ស្បៀង និងវត្ថុធាតុដើមបន្ថែមទៀត។ ហើយអ្វីដែលសំខាន់បំផុត រដ្ឋាភិបាលចាំបាច់ត្រូវពង្រឹងកម្មវិធីគាំទ្រដល់កសិករ អ្នកចិញ្ចឹមសត្វ និងអ្នកនេសាទ ដើម្បីជួយពួកគេឲ្យទទួលបានប្រាក់ចំណូលខ្ពស់។

ស្របពេលជាមួយគ្នានោះ ដោយទាក់ទងនឹងកិច្ចការបរទេស ព្រះចៅស៊ុលតង់ អ៊ីប្រាហ៊ីម បានបង្ហាញក្តីសង្ឃឹមថា ម៉ាឡេស៊ីនឹងបន្តគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវសន្តិភាព និងពង្រឹងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅកម្រិតអន្តរជាតិ ខណ:ទាក់ទិននឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ស៊ានវិញ ព្រះអង្គបានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីគួរតែបន្តដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់សាមគ្គីភាព និងវឌ្ឍនភាព ដោយគិតគូរពីបញ្ហាប្រឈមផ្នែកនយោបាយ និងការអភិវឌ្ឍក្នុងតំបន់ផងដែរ៕