អតីតភរិយារបស់ប្រធានក្រុមហ៊ុន China Evergrande លោក Hui Ka Yan គឺអ្នកស្រី Ding Yu Mei បានដាក់ពាក្យបណ្ដឹង ប្ដឹងកូនប្រុសបង្កើតរបស់ខ្លួន ដោយទាមទារប្រាក់ប្រមាណ ១ពាន់លានដុល្លារហុងកុង ឬប្រហែល ១២៧,៨លានដុល្លារអាមេរិក។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ពាក្យបណ្ដឹងដែលត្រូវបានដាក់ទៅកាន់តុលាការបានបង្ហាញថា លោកស្រី Ding Yu Mei ទាមទារឲ្យលោក Peter Xu សងប្រាក់កម្ចីហួសកាលកំណត់ចំនួន ២លើក ដែលបានខ្ចីកាលពីខែមិថុនា ឆ្នាំ២០២០ រួមទាំងការប្រាក់ផង។
គួសរំលឹកដែរថា គ្រួសាររបស់អតីតមហាសេដ្ឋីចិនមួយនេះ ហាក់កំពុងមានបញ្ហាផ្ទួនៗ ពោលម្ដាយប្ដឹងកូនបង្កើតទារលុយ ខណៈឪពុកវិញកំពុងស្ថិតក្រោមការស៊ើបអង្កេតពីរដ្ឋាភិបាល ជុំវិញករណីឧក្រិដ្ឋកម្មថែមទៀត។
ជម្រាបបន្ថែមថា ក្រុមហ៊ុន Evergrande បានក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាប់បំណុលច្រើនជាងគេលើពិភពលោក កាលពីចុងឆ្នាំ២០២១ ហើយកាលពីខែមុននេះ តុលាការកំពូលហុងកុង បានបញ្ជាឲ្យមានការរំលាយក្រុមហ៊ុន ដើម្បីទូទាត់សងបំណុលទាំងនោះ៕