មហាសេដ្ឋីជួរមុខម៉ាឡេស៊ីចំនួន ៥រូបធ្លាក់ចុះទ្រព្យសម្បត្តិអស់ជាង ១,៦ពាន់លានដុល្លារ

អន្តរជាតិ

មហាសេដ្ឋីជួរមុខរបស់ប្រទេសម៉ាឡេស៊ីចំនួន ៥រូប ដែលរកស៊ីលើអាជីវកម្មជាច្រើនដូចជាអចលនទ្រព្យ សេវាកម្មប្រេង ទេសចរណ៍ ហិរញ្ញវត្ថុ និងទូរគមនាគមន៍ជាដើមនោះ ហាក់មានការធ្លាក់ចុះទំហំទ្រព្យសម្បត្តិរបស់ខ្លួននៅឆ្នាំនេះ ពោលពួកគេធ្លាក់ចុះទ្រព្យសម្បត្តិអស់សរុបជាង ១,៦ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះដែលគេហទំព័រ Forbes បានចុះផ្សាយពីមហាសេដ្ឋីម៉ាឡេស៊ីគ្រាក់ៗចំនួនប្រាំរូប បានទទួលរងនូវការធ្លាក់ចុះទំហំទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤៖

ចូលមកដល់ក្នុងឆ្នាំថ្មីនេះមហាសេដ្ឋីមានដាច់គេប្រចាំប្រទេសលោក Robert Kuok បានធ្លាក់ចុះទ្រព្យសម្បត្តិអស់៦,៧% បើធៀបនឹងឆ្នាំមុនដោយនៅសល់ត្រឹមចំនួន ១១ពាន់លានដុល្លារប៉ុណ្ណោះ ក៏ប៉ុន្តែបុរសដែលមានវ័យជ្រេររហូតដល់ ១០០ឆ្នាំរូបនេះ ក៏នៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់របស់ក្រុមហ៊ុន Kuok Group ដែលរកស៊ីលើអាជីវកម្មសណ្ឋាគារ អចលនទ្រព្យ ក៏ដូចជាការធ្វើជំនួញលើទំនិញរួមមានអង្ករ ស្ករ និងស្រូវសាលីជាដើម។

ជាមួយគ្នានោះបុរសវ័យ ៨២ឆ្នាំលោក Quek Leng Chan ក៏មានការធ្លាក់ចុះទឹកប្រាក់ប្រមាណ២% មកនៅត្រឹមចំនួន ៩,៩ពាន់លានដុល្លារផងដែរ។ លោក Chan ត្រូវបានគេស្គាល់ថាជានាយកប្រតិបត្តិនៃក្រុមហ៊ុន Hong Leong ដែលរកស៊ីលើវិស័យហិរញ្ញវត្ថុ អាហារ និងអចលនទ្រព្យ។

ម្យ៉ាងវិញទៀត លោក Ananda Krishnan ដែលមានវ័យ ៨២ឆ្នាំដូចគ្នាទៅនឹងលោក ​Chan ដែរនោះ គឺជាមហាសេដ្ឋីដែលធ្លាប់មានទ្រព្យសម្បតិ្តរហូតដល់ទៅចំនួន ១១,៣ពាន់លានដុល្លារកាលពីក្នុងឆ្នាំ២០១៤ ប៉ុន្តែទ្រព្យសម្បត្តិរបស់លោកនាពេលបច្ចុបន្នបានធ្លាក់ចុះមកនៅត្រឹម ៧ពាន់លានដុល្លារប៉ុណ្ណោះ ខណៈប្រភពចំណូលដ៏សំខាន់បំផុតរបស់លោក គឺបានមកពីភាគហ៊ុននៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ Maxis ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Astro Malaysia Holdings និងអ្នកផ្តល់សេវាអណ្តូងប្រេង Bumi Armada ។

មិនត្រឹមតែប៉ុណ្ណោះ បុរសវ័យ ៦២ឆ្នាំលោក Koon Poh Keong ក៏មានការធ្លាក់ចុះទ្រព្យសម្បត្តិផងដែរ ពោលគឺធ្លាក់ចុះអស់១០% ដោយនៅសល់ត្រឹមចំនួន ៣,៦ពាន់លានដុល្លារ ខណៈលោកគឺជានាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិតដែកអាលុយមីញ៉ូមដ៏ធំបំផុតមួយរបស់អាស៊ីអាគ្នេយ៍ Press Metal ។

លើសពីនោះទៅទៀត មហាសេដ្ឋី Lee Yeow Chor បច្ចុបន្នគឺជានាយកគ្រប់គ្រង និងក៏ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន IOI ដែលរកស៊ីលើវិស័យប្រេងដូង និងអចលនទ្រព្យក៏មានការធ្លាក់ចុះទំហំទ្រព្យសម្បត្តិរបស់ខ្លួនមកនៅត្រឹមចំនួន​ ៣ពាន់លានដុល្លារនៅក្នុងឆ្នាំនេះដូចគ្នា៕