មហាសេដ្ឋី Mark Zuckerberg ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta ដែលពីមុនស្គាល់ថា Facebook បានទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ កាលពីល្ងាចថ្ងៃអង្គរ ទី២៧ ខែកុម្ភ: ដើម្បីផ្តោតសំខាន់លើការពិភាក្សាពាក់ព័ន្ធជាមួយនឹងបញ្ញាសិប្បនិមិត្ត (AI) ក៏ដូចជាមានការជួបប្រជុំជាមួយប្រធានាធិបតីកូរ៉េ លោក Yoon Suk Yeol និងប្រធានក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួន នៅក្នុងប្រទេសផងដែរ។
តាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន បានបង្ហាញឲ្យដឹងថា លោក Mark កំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ចដ៏ធំមួយទៅកាន់ប្រទេសនៅក្នុងតំបន់អាស៊ីមួយចំនួន រួមមាន ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា ខណ:ពេលដែលក្រុមហ៊ុន Meta បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន សម្រាប់ប្រព័ន្ធ AI នៅឆ្នាំនេះ រួមទាំងផែនការផលិតបន្ទះឈីបផ្ទាល់ខ្លួន ផងដែរ។
ទន្ទឹមនឹងនេះ យោងតាមប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានរាយការណ៍ទៀតផងដែរថា មហាសេដ្ឋីអាមេរិករូបនេះ គ្រោងនឹងជួបជាមួយប្រធានាធិបតី លោក Yoon ក៏ដូចជាប្រធានក្រុមហ៊ុន Samsung Electronics លោក Jay Y. Lee និងថ្នាក់ដឹកនាំផ្សេងទៀត នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា LG Electronics ផងដែរ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Mark ទៅកាន់កូរ៉េខាងត្បូង ក្នុងរយៈពេលប្រហែល ១០ឆ្នាំចុងក្រោយ។
ជម្រាបជូនទៀតផងដែរថា លោក Mark ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការផ្គត់ផ្គង់បន្ទះឈីប AI និងការពង្រីកប្រព័ន្ធអេកូឡូស៊ីសម្រាប់ AI ជំនាន់មុនរបស់ខ្លួន ខណៈដែលក្រុមហ៊ុន Meta Platforms កំពុងស្វែងរកឱកាសបន្ថែមទៀត ដើម្បីទទួលបានបច្ចេកវិទ្យា AI ជំនាន់ថ្មី ទៅក្នុងផលិតផលប្រព័ន្ធផ្សព្វផ្សាយសង្គមស្នូល និងផ្នែក Hardware របស់ខ្លួន នៅឆ្នាំនេះ៕