ម៉ាឡេស៊ី រំពឹងខ្ពស់ថានឹងអាចបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអារ៉ាប់រួម នៅចុងខែមិថុនាខាងមុខ

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ម៉ាឡេស៊ី បានបង្ហើបឲ្យដឹងថា ប្រទេសរបស់ខ្លួនរំពឹងទុកខ្ពស់ថាអាចនឹងឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអារ៉ាប់រួម នៅចុងខែមិថុនាខាងមុខ ដោយកិច្ចព្រមព្រៀងថ្មីនេះអាចនឹងជួយជំរុញដល់ការវិនិយោគរបស់ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងប្រទេសម៉ាឡេស៊ីបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី លោក Tengku Zafrul Aziz បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ក្នុងបទសម្ភាសមួយនៅឯកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលធ្វើឡើងនៅទីក្រុង Abu Dhabi កាលពីថ្ងៃអង្គារ ទី២៧ ខែកុម្ភ:កន្លងទៅថា “យើងកំពុងស្ថិតក្នុងការពិភាក្សាដំណាក់កាលចុងក្រោយហើយ” ។

គួរឲ្យដឹងផងដែរ អារ៉ាប់រួម ដែលជាប្រទេសតូចមួយ ប៉ុន្តែមានឥទ្ធិពលខ្លាំងនៅក្នុងឧបទ្វីបអារ៉ាប់ បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាបន្តបន្ទាប់ ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងជាមួយប្រទេសឥណ្ឌា និងអ៊ីស្រាអែលផងដែរ ដោយកិច្ចព្រមព្រៀងនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជាដកពន្ធប្រពៃណីលើទំនិញ និងសេវាកម្ម រួមទាំងកិច្ចព្រមព្រៀងដែលបានរួមបញ្ចូលទាំងលក្ខខណ្ឌវិនិយោគអនុគ្រោះ ផងដែរ។

ទន្ទឹមនឹងនេះ លោក Tengku Zafrul បានសង្កត់ធ្ងន់ទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលគ្រោងនឹងបញ្ចប់ទៅក្នុងពេលខាងមុខនេះ អាចនឹងជួយឲ្យម៉ាឡេស៊ី ក្លាយជាមជ្ឈមណ្ឌលសម្រាប់ការវិនិយោគ របស់ប្រទេសអារ៉ាប់រួម នៅក្នុងតំបន់អាស៊ី។

ក្រៅពីនោះ លោក Tengku Zafrul បានបន្ថែមទៀតថា ប្រទេសម៉ាឡេស៊ី ក៏កំពុងពិភាក្សាជាមួយសហភាពអឺរ៉ុប សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ ប៉ុន្តែជាមួយគ្នានោះក៏នៅតែមានការព្រួយបារម្ភមួយចំនួនជុំវិញការឈានដល់ការសម្រេចកិច្ចព្រមព្រៀងនេះ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌូប៉ាស៊ីហ្វិកដែលដឹកនាំដោយសហរដ្ឋអាមេរិក ហាក់កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ៕