រយៈពេលជិតពីរខែដើមឆ្នាំថ្មី ថៃស្វាគមន៍ទេសចរបរទេសជិត ៦លាននាក់

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាលោកស្រី Sudawan Wangsuphakijkosol បានលើកឡើងថា ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរដែលធ្វើដំណើរមកពីបរទេសសរុបចំនួន ៥ ៩៨១ ២៣៤នាក់ ព្រមទាំងបានបង្កើតប្រាក់ចំណូលប្រមាណ ២៩០,៩២ពាន់លានបាតទៅកាន់សហគ្រិនថៃនៅអំឡុងដើមខែមករា រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារព័ត៌មាន The Nations បានចុះផ្សាយថា ក្នុងរយៈពេលប្រាំបីសប្តាហ៍ដំបូងនៃឆ្នាំ២០២៤ ប្រទេសចិនគឺជាប្រភពភ្ញៀវទេសចរបរទេសដ៏ធំបំផុតដែលធ្វើដំណើរទៅកាន់ប្រទេសថៃ ជាមួយនឹងការមកដល់ចំនួន ១ ១១៤ ៣១៦នាក់ បន្ទាប់មកគឺម៉ាឡេស៊ីដែលមានចំនួន ៧៥៤ ៨២៨នាក់ ខណៈរុស្ស៊ីក៏មាន ៣៩៧ ០០៦នាក់ ចំណែកឯកូរ៉េខាងត្បូងមានចំនួន ៣៨៧ ៤៧៥នាក់ និងមានឥណ្ឌាប្រមាណ ២៩៣ ១២៩នាក់ផងដែរ។

ជាមួយគ្នានោះ លោកស្រី Sudawan បានកត់សម្គាល់ថា អ្នកធ្វើដំណើរមកពីទ្វីបអឺរ៉ុបមានទំនោរធ្វើដំណើរតិចជាងមុននៅចុងវិស្សមកាលរដូវរងារ ដែលវាបានចូលរួមចំណែកដល់ការថយចុះនៃការមកដល់យ៉ាងដូច្នេះ។

គួរជម្រាបបន្ថែមថា ក្រសួងទេសចរណ៍ថៃបានកំណត់គោលដៅសម្រាប់ឆ្នាំ២០២៤ ថានឹងធ្វើយ៉ាងណាទាញប្រាក់ចំណូលឲ្យបានចន្លោះពី ២,៣ទ្រីលានបាតទៅចំនួន ៣,៥ទ្រីលានបាត តាមរយៈការមកដល់របស់ភ្ញៀវទេសចរបរទេសប្រហែល ៤០លាននាក់។ ទន្ទឹមនឹងនោះ ក្រសួងក៏បានដាក់ក្តីរំពឹងថា ភ្ញៀវទេសចរក្នុងស្រុកនឹងរួមចំណែកប្រមាណ ១,២ទ្រីលានបាតពីការធ្វើដំណើរប្រហែល២០០ ទៅ ២២០លាននាក់៕