ក្រុមហ៊ុន BYD កំពុងរកទិញដីសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅម៉ិកស៊ិក

អន្តរជាតិ

កាលពីថ្ងៃទី២៨ ខែកុម្ភៈ នាយកប្រតិបត្តិក្រុមហ៊ុន BYD Americas លោកស្រី Stella Li បានលើកឡើងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD កំពុងតែស្វែងរកទីតាំងមួយដ៏ល្អសមរម្យនៅប្រទេសម៉ិកស៊ិក ក្នុងគោលបំណងសាងសង់រោងចក្រ ដើម្បីបង្កើនចំណែករបស់ក្រុមហ៊ុននៅទីផ្សារក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Stella Li បាននិយាយថា ក្រុមហ៊ុនរំពឹងថានឹងរើសបានទីតាំងសម្រាប់សាងសង់រោងចក្រឲ្យបានរួចរាល់នៅចុងឆ្នាំនេះ ដោយជ្រើសរើសដីណាដែលទំហំរបស់វាអាចមានសមត្ថភាពផលិតរថយន្តបានចំនួន ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ។ មហិច្ឆតារបស់ BYD គឺផ្តោតលើការលក់ក្នុងស្រុកតែប៉ុណ្ណោះ មិន​មែន​សម្រាប់​ទីផ្សារ​នាំ​ចេញនោះ​ទេ ខណៈលោកស្រីបានបន្ថែមទៀតថា ក្រុមហ៊ុនកំពុងស្វែងរកដីនៅតំបន់កណ្តាល និងភាគខាងត្បូង ជាជាងភាគខាងជើងម៉ិកស៊ិក ដែលនៅជិតព្រំដែនសហរដ្ឋអាមេរិក ព្រោះថាថ្លៃដឹកជញ្ជូនដើម្បីទៅដល់អ្នកប្រើប្រាស់មានតម្លៃថ្លៃ។

គួរជម្រាបផងដែរថា នៅក្នុងត្រីមាសទីបួននៃឆ្នាំ២០២៣ ក្រុមហ៊ុន BYD បានវ៉ាដាច់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក Tesla ដោយបានក្លាយជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីធំជាងគេបំផុតនៅទូទាំងពិភពលោក ពោល BYD បានលក់រថយន្តរបស់ខ្លួនបានខ្ទង់ចំនួន ៥២៦ ៤០៩គ្រឿង ខណៈឯ Tesla វិញក៏លក់បានច្រើនផងដែរ តែក្រោម BYD បន្តិចបន្តួចត្រឹមចំនួន ៤៨៤ ៥០៧គ្រឿង៕