ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែពង្រឹងនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន គួរតែលុបបំបាត់គំនិតផ្ដាច់ខ្លួនចេញពីចិន។ នេះបើតាមសម្ដីរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈៀង បាននិយាយទៅកាន់គណៈប្រតិភូអាមេរិក។

យោងតាមទីភ្នាក់ងារសារព័ត៌មានចិនមួយបានចុះផ្សាយថា លោក លី បានប្រាប់ទៅកាន់គណៈប្រតិភូអាមេរិកថា ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាការផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំង២។
ថ្នាក់ដឹកនាំចិនរូបនេះ ក៏បានបង្ហើបទៀតថា ការរិះរកមធ្យោបាយផ្ដាច់ខ្លួនពីប្រទេសចិន ហើយបង្កើតរនាំងពាណិជ្ជកម្មនោះ គឺមិនស្របតាមគោលការណ៍ ដែលអាចផ្ដល់ប្រយោជន៍ជូនប្រទេសទាំង២ បាននោះទេ។
សូមជម្រាបដែរថា នាសប្ដាហ៍នេះ ប្រធានសភាពាណិជ្ជកម្ម លោកស្រី Suzanne Clark បានដឹកនាំគណៈប្រតិភូអាមេរិក ទៅបំពេញទស្សនកិច្ចនៅចិន បន្ទាប់ពីមហាអំណាចសេដ្ឋកិច្ចទាំង ២ បានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការមួយចំនួន ក្រោយពាក់មុខយក្សដាក់គ្នាប៉ុន្មានឆ្នាំនេះ៕