អ្នករាល់គ្នាប្រហែលជាបានដឹងច្បាស់រួចទៅហើយថា មហាសេដ្ឋី Elon Musk ជាមនុស្សដែលមានឥទ្ធិពលខ្លាំងប៉ុណ្ណា ជាពិសេសនៅក្នុងការគ្រប់គ្រងមុខជំនួញធំៗជាច្រើន និងមានទ្រព្យសម្បត្តិដ៏ច្រើនមហាសាលផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វានៅតែមានរឿងពិតដ៏គួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត បន្ទាប់ពីអតីតភរិយាដំបូងរបស់លោក Musk បានធ្វើការលាតត្រដាងពីការពិតដ៏ខ្មៅងងឹតរបស់នាង អំពីការរៀបការជាមួយមហាសេដ្ឋីលំដាប់ពិភពលោករូបនេះ។
ភរិយាទីមួយរបស់លោក Musk គឺលោកស្រី Justine Musk បានធ្វើការលាតត្រដាងទៅកាន់បទសម្ភាសមួយ ចំពោះអ្វីដែលស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX រូបនេះបានប្រព្រឹត្តមកលើលោកស្រីតាមរយ:ទង្វើមិនគប្បីជាច្រើន រហូតឈានដល់ដល់ការលែងលះគ្នា។
លោកស្រី Justine បានបង្ហើបឲ្យដឹងថា រឿងដែលធ្វើឲ្យលោកស្រីចងចាំគ្មានថ្ងៃបំភ្លេចបាន អំឡុងចំណងអាពាហ៍ពិពាហ៍រវាងលោក Musk នោះ គឺបន្ទាប់ពីសោកនាដកម្មដ៏ធំមួយបានកើតឡើង នៅពេលដែលកូនប្រុសដំបូងរវាងអ្នកទាំងពីរ ដែលមានឈ្មោះថា Nevada Musk បានស្លាប់បាត់បង់ជីវិត។
លោកស្រីបានបន្តទៀតថា ក្រោយការស្លាប់របស់កូនប្រុសរបស់ខ្លួននេះ លោក Musk មិនអនុញ្ញាតឲ្យលោកស្រី Justine បង្ហាញភាពសោកសៅដោយបើកចំហរនោះឡើយ ហើយអ្វីដែលកាន់តែអាក្រក់ជាងនេះ លោក Musk ថែមទាំងបានចោទប្រកាន់ថា ការបង្ហាញភាពសោកសៅរបស់លោកស្រី គ្រាន់តែការសម្តែងបំភាន់អារម្មណ៍ប៉ុណ្ណោះ។
ក្រៅពីនោះ បើទោះបីជាបានរស់នៅក្នុងជីវិតបែបអភិជនក៏ដោយ ប៉ុន្តែលោកស្រី Justine មានអារម្មណ៍ថាទំនាក់ទំនងរវាងអ្នកទាំងពីរ កាន់តែយ៉ាប់យ៉ឺនទៅៗ ដោយថែមទាំងបានបង្ហើបថា លោក Musk មិនបានចាត់ទុកលោកស្រីជាភរិយានោះឡើយ ពោលគឺប្រៀបប្រដូចលោកស្រីទៅជាបុគ្គលិកម្នាក់របស់ខ្លួនទៅវិញ។
ក្រោយកើតរឿងល្អក់កករជាច្រើន ទីបំផុតចំណងអាពាហ៍ពិពាហ៍ រវាងលោកស្រី Justine Musk និងលោក Musk ត្រូវបានបញ្ចប់ទាំងស្រុង នៅក្នុងឆ្នាំ២០០៨ ខណ:ពេលដែលចំណងអាពាហ៍ពិពាហ៍លើកទីពីររបស់ Musk ជាមួយតារាសម្ដែងស្រី Talulah Riley បានកើតឡើងតែរយ:ពេលប្រាំមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយការលែងលះនេះ៕