ក្រុមហ៊ុន BMW Group Thailand ថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ខ្លួនគ្រោងនឹងសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូង នៅប្រទេសថៃក្នុងឆ្នាំនេះ ក្នុងគោលបំណងគាំទ្រដល់ការលក់អាគុយរថយន្ត EV និងរថយន្ត plug-in hybrid EV របស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនបណ្តាញផ្គត់ផ្គង់ EV របស់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។
លោក Alexander Baraka ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន BMW Group Thailand បាននិយាយថា ៖ “យើងបានសម្រេចចិត្តហើយថានឹងវិនិយោគលើការផលិតអាគុយរថយន្តអគ្គិសនីនៅទីនេះ ដោយសារប្រទេសចិនបាននិងកំពុងពង្រីកការវិនិយោគ EV ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ នៅក្នុងប្រទេសថៃ” ។
ទន្ទឹមនឹងនេះ លោក Baraka បានបន្តទៀតថា ថៃនឹងក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានរោងចក្រផលិតអាគុយរថយន្តអគ្គិសនីរបស់ BMW បន្ទាប់ពីរោងចក្រនៅប្រទេសចិន និងប្រទេសហុងគ្រី។
លោក Baraka ក៏បាននិយាយផងដែរថា ក្រុមហ៊ុន BMW ក៏មានគម្រោងវិនិយោគលើការផលិតរថយន្តអគ្គិសនីក្នុងប្រទេសថៃ នៅខេត្ត Rayong ផងដែរ ប៉ុន្តែការសម្រេចចិត្តចុងក្រោយ នឹងត្រូវអាស្រ័យទៅលើការសិក្សាចំពោះកក្តាសំខាន់ៗមួយចំនួនជាមុនសិន រួមទាំងតម្រូវការទីផ្សារ និងការផ្គត់ផ្គង់បន្ទះឈីប semiconductors ជាដើម។
ជម្រាបជូនផងដែរថា ទីផ្សាររថយន្ត EV របស់ប្រទេសថៃ កំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ឧស្សាហកម្មនេះ ក្នុងគោលបំណងធ្វើឲ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលផលិតកម្ម EV ធំបំផុតក្នុងតំបន់៕