ណែនាំឲ្យស្គាល់មហាសេដ្ឋីឥណ្ឌូណេស៊ី មានទ្រព្យសម្បត្តិច្រើនបំផុតដាច់គេទាំង៦

អន្តរជាតិ

ម្ចាស់មុខជំនួញបារីធំបំផុត គឺបងប្អូនមហាសេដ្ឋី​ត្រកូល​ Hartono រួមទាំងម្ចាស់អាជីវកម្មរកស៊ីឈើ លោក Prajogo Pangestu និងមហាសេដ្ឋីថាមពល លោក Low Tuck Kwong ស្ថិតក្នុងចំណោមបញ្ជីឈ្មោះមហាសេដ្ឋីកំពូលទាំង៦ របស់ប្រទេសឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទ្រព្យសម្បត្តិរបស់លោក Robert Budi Hartono វ័យ ៨២ឆ្នាំ និងលោក Michael Hartono វ័យ ៨៤ឆ្នាំ ចាប់ផ្តើមកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីទទួលបានសិទ្ធិកាន់កាប់ក្រុមហ៊ុនផលិតបារី Djarum Group ពីឪពុករបស់ខ្លួន។

ក្រោយមកបងប្អូនប្រុសទាំងពីរនេះ បានបន្តទិញយកក្រុមហ៊ុនវិនិយោគ Bank Central Asia និងថែមទាំងបន្តពង្រីកអាជីវកម្មរបស់ខ្លួនទៅក្នុងវិស័យ e-commerce ជាមួយនឹងទីផ្សារអនឡាញ Blibli ផងដែរ។ គិតមកដល់ពេលនេះទ្រព្យសម្បត្តិសរុបរបស់អ្នកទាំងពីររួមបញ្ចូលគ្នាមានចំនួនប្រមាណ ៤៨ពាន់លានដុល្លារ។

ជាមួយគ្នានេះ លោក Prajogo Pangestu អាយុវ័យ ៧៩ឆ្នាំ ក៏ជាប់ឈ្មោះក្នុងបញ្ចីមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ឥណ្ឌូណេស៊ីផងដែរ ដោយចាប់ផ្តើមអាជីវកម្មដំបូងជាមួយក្រុមហ៊ុនឈើ Barito Pacific Timber និងក្រោយមកបានប្តូរឈ្មោះទៅជា Barito Pacific Group វិញ ហើយបន្តពង្រីងអាជីវកម្មទៅក្នុងវិស័យផ្សេងៗទៀតរួមមាន គីមីឥន្ធនៈ ថាមពលកកើតឡើងវិញ និងការជីកយករ៉ែធ្យូងថ្ម ជាដើម។ យោងតាមទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរបស់លោក Prajogo មានចំនួនជិត ៤៤ពាន់លានដុល្លារ។

ដោយឡែកលោក Low Tuck Kwong ស្ថាបនិកក្រុមហ៊ុន Bayan Resources ក៏ត្រូវបានចាត់ទុកថាជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតមួយក្នុងប្រទេសផងដែរ ដោយមុខជំនួញចម្បងរបស់លោក គឺផ្តោតទៅលើវិស័យថាមពល។ ជាមួយនឹងទ្រព្យសម្បត្តិសរុប ២៧,២ពាន់លានដុល្លារ លោក Low ឈរឈ្មោះជាបុគ្គលលេចធ្លោបំផុត ក្នុងឧស្សាហកម្មថាមពលនៅក្នុងប្រទេស។

ទន្ទឹមនឹងនេះ គ្រួសារ Widjaja ដែលកំពុងកាន់កាប់ក្រុមហ៊ុន Sinar Mas ដែលរកស៊ីលើឧស្សាហកម្មជាច្រើនដូចជាក្រដាស អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ សេវាថែទាំសុខភាព កសិពាណិជ្ជកម្ម និងទូរគមនាគមន៍ ក៏ជាប់ក្នុងបញ្ជីនេះផងដែរ។ ហើយទ្រព្យសម្បត្តិសរុបរបស់គ្រួសារនេះ ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១០,៨ពាន់លានដុល្លារ។

សម្រាប់ឈ្មោះចុងក្រោយ គឺបានទៅលើលោក Anthony Salim ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Salim Group និង Indofood ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ម៉ាកសញ្ញា Indomie ដ៏ល្បីល្បាញ។ ក្រៅពីនោះ ក្រុមហ៊ុន Salim Group ក៏មានការវិនិយោគទៅលើវិស័យចម្រុះផ្សេងទៀត ដូចជា អាហារ ការលក់ទំនិញរាយ ធនាគារ ទូរគមនាគមន៍ និងថាមពលផងដែរ។

មហាសេដ្ឋីរូបនេះ រួមជាមួយនឹងក្រុមគ្រួសាររបស់លោក ត្រូវបានទស្សនាវដ្តី Forbes ប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបចំនួន ១០,៣ពាន់លានដុល្លារ៕