ម្ហូបអាហារ ២ ៥០០មុខ ត្រៀមទទួលភ្ញៀវថ្ងៃ Pre-Wedding កូនមហាសេដ្ឋីមានបំផុតនៅអាស៊ី

អន្តរជាតិ

ថ្ងៃថត Pre-Wedding កូនពៅមហាសេដ្ឋីមានបំផុតនៅអាស៊ី លោក Mukesh Ambani គឺលោក Anant Ambani និងគូដណ្ដឹងអ្នកនាង Radhika Merchant កំពុងរៀបចំយ៉ាង​អធិកអធម ដោយត្រៀមនូវមុខម្ហូបរហូតដល់ ២ ៥០០មុខឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា កម្មវិធី Pre-Wedding របស់កូនមហាសេដ្ឋីឥណ្ឌាម្នាក់នេះ នឹងធ្វើឡើងរហូតដល់៣ថ្ងៃ ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ហើយមុខម្ហូបទាំងអស់ ត្រូវសម្រិតសម្រាំងឡើងដោយចុងភៅចំនួន ២១រូបឯណោះ។

ចំណែកឯភ្ញៀវដែលត្រូវបានគេរំពឹងទុកថា នឹងមានវត្តមាននៅក្នុងកម្មវិធីមួយនេះ គឺមានដូចជាមហាសេដ្ឋីអាមេរិក Bill Gates, Melinda Gates, Mark Zuckerberg, Ivanka Trump និងសមាជិកគ្រួសាររាងវង្សប៊ូតានថែមទៀត។

សូមជម្រាបដែរថា កម្មវិធីដ៏ធំមហាសាលនេះ គឺគ្រាន់តែជាកម្មវិធី Pre-Wedding ប៉ុណ្ណោះ ចំណែកឯពិធីមង្គលការ គ្រោងប្រារព្ធធ្វើឡើងនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ហើយសាកស្រមៃមើល បើ Pre-Wedding ធ្វើធំម្លឹងៗហើយ ចុះទម្រាំមង្គលការទៀត តើអស្ចារ្យកម្រិតណាទៅ?

រំលឹកបន្ថែមថា អនាគតគូស្វាមីភរិយាថ្មីនេះ គឺស្គាល់គ្នាតាំងពីនៅវ័យកុមារភាព ដោយគ្រួសារទាំងសងខាង សុទ្ធតែជាលំដាប់អភិជននៅប្រទេសឥណ្ឌា ហើយបច្ចុប្បន្ននេះ លោក Anant Ambani គឺកំពុងដឹកនាំក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនខ្នាតយក្សមួយ អាចរកចំណូលបានរហូតដល់ជាង ១០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ៕