ណែនាំឲ្យស្គាល់ស្តេច ៥អង្គ មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅតំបន់អាស៊ី

អន្តរជាតិ

នាពេលបច្ចុបន្នតំបន់អាស៊ីក៏សុទ្ធសឹងតែសម្បូរទៅដោយព្រះមហាក្សត្រគង់ប្រថាប់នៅច្រើនផងដែរ ខណៈក្នុងនោះគេឃើញមានព្រះមហាក្សត្រចំនួន ៥អង្គប្រចាំនៅតំបន់អាស៊ីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតសរុបដល់ទៅ ១០៨ពាន់លានដុល្លារ ហើយក្នុងនោះទៀតសោតក៏មានវត្តមានព្រះមហាក្សត្រនៃប្រទេសថៃ Maha Vajiralongkorn និងស្តេច Sultan Hassanal Bolkiah នៃប្រទេសប្រ៊ុយណេផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះមហាក្សត្រនៃប្រទេសថៃ Maha Vajiralongkorn ជាកំពូលស្តេចមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងតំបន់ ជាមួយនឹងទ្រព្យសម្បត្តិដែលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៤៣ពាន់លានដុល្លារ ចំណែកឯទ្រព្យសម្បត្តិដ៏ច្រើនមហាសាលរបស់ព្រះអង្គ ភាគច្រើនគឺបានមកពីវិស័យអចលនទ្រព្យ ពោលទ្រង់ជាអ្នកកាន់កាប់ដីយ៉ាងហោចណាស់ ៦៥,៦គីឡូម៉ែត្រការ៉េនៅទូទាំងប្រទេសថៃ រួមទាំងដីនៅទីក្រុងបាំងកក ដែលមានតម្លៃហាំងឆេងប្រហែល ៣០ពាន់លានដុល្លារឯណោះ។

ម្យ៉ាងវិញទៀត ព្រះអង្គមានយន្តហោះផ្ទាល់ខ្លួនជិត ៣៨គ្រឿង យានជំនិះថ្លៃៗ ប្រណីតៗប្រមាណ ៣០០គ្រឿង ព្រមទាំងមាសពេជ្រកែវកងយ៉ាងច្រើនសន្ធឹកសន្ធាប់។ លើសពីនោះ ទ្រង់ក៏មានប្រភពចំណូលជាច្រើនផ្សេងទៀត ដោយកាន់កាប់ភាគហ៊ុននៅក្នុងអង្គភាពហិរញ្ញវត្ថុ ក៏ដូចជាឧស្សាហកម្មសំខាន់ៗមួយចំនួនរបស់ប្រទេសថៃ ដោយរួមបញ្ចូលទាំងភាគហ៊ុន២៣% នៅក្នុងធនាគារផ្តល់ប្រាក់កម្ចីធំលំដាប់ទីពីររបស់ប្រទេសថៃ Siam Commercial Bank និងមានភាគហ៊ុន៣៣% ឬមានតម្លៃប្រហែល ៩ពាន់លានដុល្លារនៅក្រុមហ៊ុន Siam Cement Group ដែលជាឧស្សាហកម្មឈានមុខគេរបស់ប្រទេស។

រីឯស្តេច Sultan Hassanal Bolkiah នៃប្រទេសប្រ៊ុយណេវិញ ក៏មានទ្រព្យសម្បត្តិដ៏ច្រើនមហាសាលផងដែរ ពោលទ្រង់មានទ្រព្យប្រមាណ ២៨ពាន់លានដុល្លារ និងមានវិមានលំនៅដ្ឋានដ៏ធំស្កឹមស្កៃបំផុតរបស់ពិភពលោក Istana Nural Iman ដោយមានបន្ទប់ស្នាក់នៅដល់ទៅ ១ ៧០០បន្ទប់ឯណោះ។ មិនត្រឹមតែប៉ុណ្ណោះ ព្រះអង្គត្រូវបានគេស្គាល់ថា ជាអ្នកប្រមូលរថយន្តស៊េរីទំនើប និងថ្លៃៗដែលមានតម្លៃសរុបដល់ទៅ ៥ពាន់លានដុល្លារ ជាមួយនឹងរថយន្ត Rolls-Royces ប្រមាណ ៦០០គ្រឿង រថយន្ត Ferraris ៤៥០គ្រឿង និង Bentley ក៏មានប្រមាណ ៣៨០គ្រឿងផងដែរ។

ស្តេច Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត គឺជាស្តេចឈរនៅចំណាត់ថ្នាក់លេខរៀងទី៣ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងតំបន់អាស៊ី ពោលទ្រង់មានទ្រព្យចំនួន ១៧ពាន់លានដុល្លារ តែយ៉ាងណាបើនិយាយអំពីរបៀបរស់នៅផ្ទាល់ខ្លួនហាក់មិនសូវមានប្រព័ន្ធផ្សព្វផ្សាយណាលើកឡើងឡើយ ចាប់តាំងពីទ្រង់ចាប់ផ្តើមផ្ទេរភារកិច្ចដឹកនាំប្រទេសភាគច្រើនទៅកាន់បុត្រារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់រាជទាយាទ Mohammed Bin Salman ។

ចំណែកឯចំណាត់ថ្នាក់លំដា​​ប់ទី៤ គឺបានទៅលើព្រះអង្គ Emir Sheikh Mohammed bin Rashid Al Maktoum នៃទីក្រុងឌូបៃ ដែលមានទ្រព្យសម្បត្តិត្រូវបានគេប៉ាន់ប្រមាណថាចន្លោះពី១៤ ទៅ ១៨ពាន់លានដុល្លារ ខណៈកេរ្តិ៍ឈ្មោះរបស់ទ្រង់មានភាពល្បីរន្ទឺក៏ដោយសារតែគំនិតផ្តួចផ្តើមក្នុងការដាក់ទីក្រុងឌូបៃជាមជ្ឈមណ្ឌលពិភពលោក រួមទាំងជាអ្នកមើលការខុសត្រូវលើការអភិវឌ្ឍន៍គម្រោងនានាដូចជា Palm Islands សណ្ឋាគារ Burj Al Arab ក៏ដូចជាអាគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក Burj Khalifa ។

ចុងក្រោយបង្អស់នោះគឺព្រះអង្គ Sheikh Tamim bin Hamad Al Thani នៃប្រទេសកាតា ដោយមានទ្រព្យសម្បត្តិខ្ទង់ ២ពាន់លានដុល្លារ ខណៈប្រភពចំណូលរបស់ទ្រង់ និងក្រុមគ្រួសាររាជវង្សគឺបានមកពីវិស័យអចលនទ្រព្យសំខាន់ៗទូទាំងពិភពលោករួមមាន London’s Shard, Olympic Village និង New York’s Empire State Building ហើយរឿងដែលពិសេសជាងនេះទៀតនោះ ទ្រង់ធ្លាប់បានទិញក្លឹបបាល់ទាត់ Paris Saint-Germain ក្នុងឆ្នាំ២០១១ តាមរយៈ Qatar Sports Investments ៕