កាលពីថ្ងៃទី២៩ ខែកុម្ភៈ ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស Boeing បានយល់ព្រមបង់ប្រាក់ពិន័យ ៥១លានដុល្លារ ដើម្បីបញ្ចប់រឿងជាមួយក្រសួងការបរទេសអាមេរិក ជុំវិញការចោទប្រកាន់ជាច្រើន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រសួងការបរទេសអាមេរិកបានចោទក្រុមហ៊ុន Boeing ថា ចន្លោះពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៧ បុគ្គលិកជនជាតិចិន ៣រូប នៅប្រទេសចិន បានដោនឡូដទិន្នន័យទាក់ទងនឹងប្រព័ន្ធការពារសុវត្ថិភាពដែនអាកាសអាមេរិក។
ជាមួយគ្នា ក្រុមហ៊ុន Boeing ក៏រងការចោទប្រកាន់មួយករណីទៀត គឺធ្វើការនាំចេញទំនិញ ផ្ទុយពីគោលការណ៍រដ្ឋាភិបាលអាមេរិក ដែលរាប់បញ្ចូលទាំងការលក់យន្តហោះ ទៅឲ្យក្រុមហ៊ុនដៃគូនៅប្រទេសចិនជាដើម។
បន្ថែមពីនោះ ក្រសួងការបរទេសអាមេរិកក៏បានអះអាងទៀតថា Boeing បានចូលរួមចំណែកក្នុងការដឹកជញ្ជូនឧបករណ៍ការពារ និងទិន្នន័យបច្ចេកទេសមួយចំនួនទៅកាន់ប្រទេសផ្សេងៗ ដូចជាប្រទេសអ៊ីស្រាអែល តួកគី និងលីបង់ជាដើម ដែលល្មើសនឹងច្បាប់សហរដ្ឋអាមេរិក៕