មហាសេដ្ឋី Warren Buffett គឺជាស្ថាបនិកក្រុមហ៊ុនខ្នាតយក្ស Berkshire Hathaway ហើយប្រធានក្រុមហ៊ុនរូបនេះ ក៏ទទួលបានថ្លៃឈ្នួលពលកម្មពីក្រុមហ៊ុនក្នុងមួយឆ្នាំៗ រាប់សិបម៉ឺនដុល្លារឯណោះ។

យោងតាមការចុះផ្សាយពីគេហទំព័រ Yahoo បានបង្ហាញថា តាំងពីឆ្នាំ១៩៨០ មកទល់បច្ចុប្បន្ន ប្រាក់ខែគោលរបស់បិតាវិនិយោគិនម្នាក់នេះ គឺទទួលបានប្រមាណ ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
ក្រុមហ៊ុន Berkshire Hathaway មានការគិតគូយ៉ាងដិតដល់ សម្រាប់ស្ថាបនិកម្នាក់នេះ ពោលក្រៅពីផ្ដល់ជូនប្រាក់ពលកម្មដ៏ច្រើនមហាសាល ក្រុមហ៊ុនក៏តែងចំណាយលុយប្រហែល ៣០ម៉ឺនដុល្លារជារៀងរាល់ឆ្នាំ សម្រាប់ថ្លៃការពារសុវត្ថិភាពរបស់មហាសេដ្ឋីម្នាក់នេះ។
សូមជម្រាបដែរថា បច្ចុប្បន្ន មហាសេដ្ឋី Warren Buffett គឺជាកំពូលអ្នកមានដាច់គេលើលោកទី០៦ ជាមួយទំហំទ្រព្យសម្បត្តិប្រហែល ១៣៤ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យបង្ហាញដោយគេហទំព័រ Forbes៕