ក្រុមហ៊ុនវៀតណាម រំពឹងទទួលបានឱកាសធំ ក្រោយឥណ្ឌូណេស៊ី គ្រោងបង្កើនការនាំចូលអង្ករទ្រង់ទ្រាយធំ 

អន្តរជាតិ

យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាម បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងធ្វើការបង្កើនការនាំចូលអង្ករក្នុងចំនួន ១,៦ លានតោន នៅក្នុងឆ្នាំ២០២៤ នេះ ដែលវានឹងផ្តល់ឱកាសដ៏ធំមួយ សម្រាប់ក្រុមហ៊ុននាំចេញរបស់វៀតណាមជាមិនខាន។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន បានបង្ហាញឲ្យដឹងថា អាជ្ញាប័ណ្ណនាំចូលសម្រាប់កូតាថ្មីបន្ថែមទៀត នឹងត្រូវដាក់ចេញដោយក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ ដោយវានឹងអាចបង្កើនការនាំចូលអង្ករសរុបរបស់ប្រទេសនេះ រហូតដល់ទៅ ៣,៦ លានតោន នៅឆ្នាំនេះ។ 

ជុំវិញផែនការថ្មីនេះ យោងតាមប្រធានទីភ្នាក់ងាររដ្ឋាភិបាលក្នុងខេត្ត Dong Thap ដែលជាកន្លែងផលិតអង្ករធំជាងគេបំផុតមួយ នៅក្នុងតំបន់ដីសណ្តទន្លេមេគង្គ បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនរបស់វៀតណាម អាចទាញយកឱកាសដ៏ធំនេះ ដើម្បីបង្កើនការនាំចេញរបស់ខ្លួនបន្ថែមទៀត។ 

ទន្ទឹមនឹងនេះ ការិយាល័យពាណិជ្ជកម្មវៀតណាម ក៏បានផ្តល់ដំបូន្មានដល់អាជីវកម្ម ក្នុងការជំរុញការនាំចេញបន្ថែមទៀត នៅដើមឆ្នាំផងដែរ ពោលគឺចាប់តាំងពីការប្រមូលផលស្រូវចម្បងរបស់ប្រទេសឥណ្ឌូណេស៊ី ត្រូវបានពន្យារពេលពី ២ ទៅ ៣ ខែ ដោយសារកង្វះទឹកដែលបណ្តាលមកពីបាតុភូតរាំងស្ងួត El Nino ។

ជម្រាបជូនផងដែរថា ឥណ្ឌូណេស៊ីបាននាំចូលអង្ករសរុបចំនួន ៤៤១ ៩៣០ តោនក្នុងខែមករា ពោលគឺបានកើនឡើង ៨២% បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះមាន ៣២ ៣៤០ តោនត្រូវបាននាំចូលពីប្រទេសវៀតណាម៕