ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន Toyota នឹងប្រកាសជាផ្លូវការនៅថ្ងៃអង្គារសប្តាហ៍នេះ អំពីការចាក់ទុនវិនិយោគបន្ថែមក្នុងទំហំទឹកប្រាក់ ២,២ពាន់លានដុល្លារនៅក្នុងប្រទេសប្រេស៊ីលសម្រាប់ប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មប្រេស៊ីលលោក Geraldo Alckmin បានលើកឡើងថា ការវិនិយោគនឹងត្រូវបានបង្ហាញនៅព្រឹត្តិការណ៍មួយនារោងចក្ររបស់ Toyota ផ្ទាល់ដែលមានទីតាំងនៅទីក្រុង Sorocaba រដ្ឋ Sao Paulo ។ លោកក៏បានបន្ថែមទៀតដែរថា ការវិនិយោគនឹងរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋប្រេស៊ីលប្រមាណ ២០០០កន្លែង និងជាកញ្ចប់ទឹកប្រាក់សម្រាប់បង្កើតនូវម៉ូឌែលថ្មីៗបន្ថែមទៀត។
ជាមួយគ្នានោះ សារព័ត៌មានក្នុងស្រុក O Globo បានរាយការណ៍ផងដែរថា ក្រុមហ៊ុន Toyota នឹងផលិតនូវរថយន្ត Hybrid និង SUV នៅរោងចក្រក្នុងទីក្រុង Sorocaba តែទោះជាយ៉ាងណា រឿងរ៉ាវលម្អឹតពាក់ព័ន្ធអំពីម៉ូឌែលថ្មីទាំងនោះ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយ។
គួរជម្រាបថា ការចាក់ទុនវិនិយោគបន្ថែមរបស់ក្រុមហ៊ុន Toyota អាចនិយាយបានថាជាការប្រកាសសម្រេចចិត្តចុងក្រោយគេហើយនៅឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តកំពូលៗជាច្រើនផ្សេងទៀតដូចជា Volkswagen, General Motors និង Hybrid Motor ធ្លាប់បានប្រកាសពីការវិនិយោគនាពេលកន្លងមក៕