អគ្គនាយកដ្ឋានគយវៀតណាមបានរាយការណ៍កាលពីថ្ងៃទី១ ខែមីនាថា ចំណូលថវិការដ្ឋសរុបរបស់ប្រទេសវៀតណាមក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ សម្រេចបានជិត ១៤,៦៧ពាន់លានដុល្លារ ឬស្មើនឹង១១២,៩% បើប្រៀបធៀបទៅនឹងចំណូលថវិកានៅរយៈពេលពីរខែដូចគ្នាកាលពីឆ្នាំ២០២៣ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
អគ្គនាយកដ្ឋានបានលើកឡើងថា ៥៣ខេត្តក្រុងក្នុងចំណោមខេត្តក្រុងទាំង៦៣នៅទូទាំងប្រទេស បានឃើញអំពីការកើនឡើងនៃប្រាក់ចំណូលថវិកា បើប្រៀបធៀបនឹងរយៈពេលពីខែមករា ដល់ខែកុម្ភៈឆ្នាំ២០២៣ ។ ជាមួយគ្នានោះកាលពីចុងខែកុម្ភៈ អាជ្ញាធរពន្ធដារក៏បានចេញសេចក្តីសម្រេចចំនួន៣ ០១៧ ឬស្មើនឹង១២,៧% នៃការបង្វិលសងពន្ធលើតម្លៃបន្ថែមសម្រាប់ឆ្នាំ២០២៤ ផងដែរ។
តែយ៉ាងណា ដើម្បីអនុវត្តការងារគ្រប់គ្រងការប្រមូលថវិកាប្រកបដោយប្រសិទ្ធភាពតាមការណែនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងក្រសួងហិរញ្ញវត្ថុ វិស័យពន្ធដារបាននិងកំពុងអនុវត្តយ៉ាងខ្លាំងក្លានូវវិធានការពង្រឹងការគ្រប់គ្រងចំណូល និងបញ្ចៀសការខាតបង់ចំណូល រួមទាំងការពន្លឿនកំណែទម្រង់រដ្ឋបាល ដើម្បីសម្រួលដល់អាជីវកម្ម និងអ្នកបង់ពន្ធជាដើម៕