អតីតបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន Twitter ដែលបច្ចុបន្នប្តូរឈ្មោះទៅជាក្រុមហ៊ុនបណ្តាញសង្គម X ហើយនោះកំពុងរួមគ្នាប្តឹងទៅកាន់លោក Elon Musk និងក្រុមហ៊ុន X Corp ដើម្បីទាមទារប្រាក់សរុបជាង ១២៨លានដុល្លារដែលមិនទាន់បានបង់ឲ្យពួកគេនៅឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Newshub ។
អតីតនាយកប្រតិបត្តិ Twitter លោក Parag Agrawal អតីតប្រធានផ្នែកហិរញ្ញវត្ថុលោក Ned Segal អតីតប្រធានមេធាវីលោកស្រី Vijaya Gadde និងអតីតទីប្រឹក្សាទូទៅលោក Sean Edgett បានអះអាងនៅក្នុងពាក្យបណ្តឹងកាលពីថ្ងៃទី៤ ខែមីនាថា ពួកយើងត្រូវបានគេបណ្តេញចេញពីក្រុមហ៊ុនដោយគ្មានហេតុផលច្បាស់លាស់កាលពីឆ្នាំ២០២២ អំឡុងពេលដែលលោក Musk បានទិញយកក្រុមហ៊ុន Twitter រួចរាល់ និងក្រោយមកប្តូរទៅជាឈ្មោះបណ្តាញសង្គម X ។ ម្យ៉ាងវិញទៀត អតីតនាយកប្រតិបត្តិលោក Parag បាននិយាយថា៖ ដោយសារតែមិនចង់បង់ប្រាក់លើកទឹកចិត្តទាំងនោះ Musk បានបង្កើតហេតុផលក្លែងក្លាយដើម្បីបណ្តេញចេញ និងបានតែងតាំងបុគ្គលិកពីក្រុមហ៊ុនផ្សេងៗតាមតែចិត្តរបស់គាត់។
គួរជម្រាបថាបន្ទាប់ពីលោក Elon Musk បានគ្រប់គ្រងក្រុមហ៊ុន Twitter បុគ្គលិកជាន់ខ្ពស់ទាំងបួនរូបនេះត្រូវបានបណ្តេញចេញ ដោយចោទថាបានប្រព្រឹត្តខុស បន្ទាប់ពីអ្នកទាំងបួនបានប្តឹងមហាសេដ្ឋីពីបទប៉ុនប៉ងសងសឹក ចំពោះការផ្តល់ជូនរបស់គាត់ដើម្បីទិញយកក្រុមហ៊ុន។ បន្ទាប់មក Musk ក៏បានបដិសេធចំពោះប្រាក់លើកទឹកចិត្ត ដែលក្រុមហ៊ុនបានសន្យាជាច្រើនឆ្នាំដើម្បីផ្តល់ជូនទៅកាន់ពួកគេ មុនពេលដែលលោក Musk បានទិញយក Twitter នេះបើយោងតាមពាក្យបណ្ដឹងដែលបានប្តឹងទៅកាន់តុលាការសហព័ន្ធក្នុងទីក្រុងសាំងហ្វ្រាំងស៊ីស្កូ ខណៈដើមបណ្តឹងឯណោះវិញបាននិយាយថា ពួកយើងទាំងបួននាក់ម្នាក់ៗត្រូវបានក្រុមហ៊ុនជំពាក់ប្រាក់ខែមួយឆ្នាំ និងជម្រើសភាគហ៊ុនរាប់រយពាន់៕