មហាសេដ្ឋីវៀតណាម Tran Dinh Long ប្រធានក្រុមហ៊ុនដែកថែប Hoa Phat មានបំណងចាយលុយ ១២០ទ្រីលានដុង ឬប្រហែល ៤,៨ពាន់លានដុល្លារ ដើម្បីសាងសង់កំពង់ផែ រោងចក្រផលិតដែកថែប និងសួនឧស្សាហកម្មនៅក្នុងខេត្ត Phu Yen ប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

យោងតាមការចុះអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុន និងអាជ្ញាធរប្រចាំតំបន់ កាលពីថ្ងៃទី០៣ ខែមីនា បានបង្ហាញថា គម្រោងការខ្នាតយក្សទាំង ៣នោះ គឺមានដូចជា កំពង់ផែ Bai Dong រោងចក្រផលិតដែកថែប Hoa Phat Iron and Steel និងសួនឧស្សាហកម្ម Hoa Tam។
ជាមួយគ្នា មហាសេដ្ឋីវៀតណាមរូបនេះ ក៏បានបញ្ជាក់ទៀតថា ផែនការដែលចំណាយប្រាក់ជិត ៥ពាន់លានដុល្លារមួយនេះ នឹងបង្កើតឱកាសការងាររហូតដល់ ២ម៉ឺនកន្លែង និងអាចជួយជំនួយហិរញ្ញវត្ថុដល់ ១០ទ្រីលានដុង ឬ ៤០០លានដុល្លារក្នុងមួយឆ្នាំ ទៅដល់អាជ្ញាធរនៅខេត្ត Phu Yen ផងដែរ។
សូមជម្រាបដែរថា ក្រុមហ៊ុន Hoa Phat គឺជាអ្នកផលិតដែកថែបធំបំផុតនៅប្រទេសវៀតណាម ដោយក្នុងមួយឆ្នាំៗ ពួកគេអាចផលិតដែកថែបរហូតដល់ ៨,៥លានតោនឯណោះ៕