EU ផាកពិន័យក្រុមហ៊ុន Apple ជិត ២ពាន់លានដុល្លារក្នុងសំណុំរឿងមួយ

អន្តរជាតិ

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានចុះផ្សាយថា កាលពីថ្ងៃទី៤ ខែមីនា សហភាពអឺរ៉ុប (EU) បានធ្វើការផាកពិន័យជាទឹកប្រាក់ប្រហែល ១,៩៥ពាន់លានដុល្លារទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ពាក់ព័ន្ធនឹងការរំលោភបំពានទំនុកចិត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីថ្លែងការណ៍មួយបាននិយាយថា ក្រុមហ៊ុន Apple បានធ្វើការរឹតបន្តឹងទៅលើអ្នកបង្កើតកម្មវិធី ដោយរារាំងពួកគេមិនឱ្យជូនដំណឹងទៅកាន់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ IOS អំពីសេវាកម្មបទចម្រៀងដែលមានតម្លៃធូរថ្លៃជាងពពួកកម្មវិធីនៅលើ App Store ខណៈវាអាចចាត់ទុកបានថាជាទង្វើខុសនឹងច្បាប់ ក្រោមបទប្បញ្ញត្តិប្រឆាំងទំនុកចិត្តរបស់សហភាពអឺរ៉ុប។

ការស៊ើបអង្កេតរបស់គណៈកម្មាការបានបង្ហាញថា ការប្រព្រឹត្តរបស់ Apple នៅតែបន្តកើតមានឡើងជិតមួយទសវត្សរ៍កន្លងមកនេះ ដែលនាំឱ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ IOS ចំណាយប្រាក់កាន់តែច្រើនសម្រាប់ការជាវតន្ត្រី ពោលថ្លៃកម្រៃជើងសារមានការកើនខ្ពស់ ដ្បិតវាឆ្លងកាត់ច្រើនដំណាក់កាល ទម្រាំតែត្រូវបានបញ្ជូនទៅដល់ដៃអ្នកប្រើប្រាស់។

ជាមួយគ្នានោះ គណកម្មាការបានសង្កត់ធ្ងន់ថា ការផាកពិន័យខ្លាំងៗយ៉ាងដូច្នេះគឺចាំបាច់ណាស់ដើម្បីរារាំងក្រុមហ៊ុន Apple ពីការរំលោភបំពានស្រដៀងគ្នាបែបនឹងម្តងទៀត ម្យ៉ាងការធ្វើដូច្នេះក៏ដើម្បីព្រមានរារាំងក្រុមហ៊ុនដ៏ទៃផ្សេងៗទៀត ដែលប្រពឹត្តស្រដៀងគ្នាដូចទៅនឹងក្រុមហ៊ុន Apple ដែរ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់គណៈកម្មាការសហភាពអឺរ៉ុបដូច្នេះ Apple ក៏បានធ្វើការចេញមុខអះអាងថា EU គ្មានភស្តុតាងដែលអាចទុកចិត្តបាន អំពីការធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់នោះទេ ព្រមទាំងបានចោទប្រកាន់ទៅវិញថា EU មិនអើពើចំពោះការពិតនៃទីផ្សារដែលកំពុងរីកចម្រើន ប្រកួតប្រជែង និងទីផ្សារដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុននឹងធ្វើការប្តឹងឧទ្ធរណ៍ចំពោះសំណុំរឿងនេះវិញ៕