ការប្រគុំតន្ត្រីរបស់តារាចម្រៀងស្រី Taylor Swift រំពឹងរួមចំណែកជិត ៤០០លានដុល្លារ ដល់សេដ្ឋកិច្ចសិង្ហបុរីទាំងមូល

អន្តរជាតិ

ការប្រគុំតន្ត្រីរបស់តារាចម្រៀងស្រីលំដាប់កំពូលអាមេរិក កញ្ញា Taylor Swift ត្រូវបានគេប៉ាន់ស្មានថានឹងអាចរួមចំណែកជិត ៤០០លានដុល្លារ ដល់សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីទាំងមូល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Straits Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងវប្បធម៌ សហគមន៍ និងយុវជនរបស់ប្រទេសិង្ហបុរី លោក Edwin Tong បានបង្ហាញឲ្យដឹងថា វត្តមានរបស់តារាចម្រៀងស្រី Taylor Swift នៅក្នុងប្រទេសរបស់ខ្លួន បានផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសេដ្ឋកិច្ច រួមទាំងការកើនឡើងនៃចំនួនភ្ញៀវទេសចរ ការចំណាយលើសំបុត្រយន្តហោះ ការស្នាក់នៅតាមបណ្តាសណ្ឋាគារ ក៏ដូចជាកន្លែងកម្សាន្ត រួមទាំងការលក់រាយ និងការទទួលទានអាហារនៅប្រទេសសិង្ហបុរី ផងដែរ។

ទន្ទឹមនឹងនេះ ការប្រគុំតន្ត្រីរបស់កញ្ញា Taylor Swift ត្រូវបានព្យាករថានឹងអាចរកចំណូលបានចន្លោះពី ៣៥០-៥០០លានដុល្លារសិង្ហបុរី គិតនៅក្នុងវិស័យទេសចរណ៍ ដោយសារតែមានប្រហែល ៧០% នៃអ្នកមកទស្សនាការប្រគុំតន្ត្រីនេះ គឺបានហោះហើរមកពីក្រៅប្រទេស។

ដោយឡែក បើយោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគផ្នែកសេវាកម្មសណ្ឋាគារ Smith Travel Research ក៏បានបង្ហាញឲ្យដឹងផងដែរថា ចាប់តាំងពីកាលបរិច្ឆេទនៃការប្រគុំតន្ត្រីត្រូវបានប្រកាសជាផ្លូវការមក ការកក់សណ្ឋាគារនៅក្នុងប្រទេសសិង្ហបុរី សម្រាប់ខែមីនា ឆ្នាំ២០២៤ នេះ បានកើនឡើងដល់ ១០% ឯណោះ។

យ៉ាងណាមិញ សម្រាប់ចំនួនជើងហោះហើរតាមផ្លូវអាកាសវិញ ក៏មានការកើនឡើងខ្លាំងផងដែរ ដោយទាំងក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និងក្រុមហ៊ុនអាកាសចរណ៍ Scoot បានរាយការណ៍ពីការកើនឡើងនៃតម្រូវការជើងហោះហើររបស់ខ្លួន មកកាន់ប្រទេសសិង្ហបុរីក្នុងខែមីនានេះ ជាពិសេសពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្ទាល់តែម្តង។

ជម្រាបជូនផងដែរថា ការប្រគុំតន្ត្រីរបស់កញ្ញា Taylor Swift ដែលមានឈ្មោះថា The Eras Tour ត្រូវធ្វើឡើងរយ:ពេល ៦ថ្ងៃ នៅក្នុងប្រទេសសិង្ហបុរី ដោយចាប់ផ្តើមពីថ្ងៃទី២ ដល់ទី ៤ និងទី៧ ដល់ទី៩ ខែមីនា ៕