យោងតាមមន្ត្រីម្នាក់ មកពីការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយកាលពីថ្ងៃចន្ទ ទី៤ ខែមីនាកន្លងទៅថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់សហរដ្ឋអាមេរិក Tesla កំពុងស្ថិតនៅក្នុងការពិភាក្សាជាមួយរដ្ឋាភិបាលថៃ ជុំវិញការសាងសង់រោងចក្រដំបូងរបស់ខ្លួន នៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
បើតាមលោក Supakorn Congsomjit បានបង្ហើបឲ្យដឹងទៀតថា រដ្ឋាភិបាលថៃ នៅតែបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Tesla ដោយកាលពីចុងឆ្នាំមុន ខាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះ ក៏បានបញ្ជូនក្រុមការងាររបស់ខ្លួន ដើម្បីមកត្រួតពិនិត្យមើលទីតាំងក្នុងការសាងសង់រោងចក្រ នៅក្នុងប្រទេសថៃផងដែរ។
យ៉ាងណាមិញ របាយការណ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីមានដំណើរទស្សនកិច្ចជាច្រើនលើករវាងក្រុមហ៊ុន Tesla និងមន្ត្រីថៃ ជាពិសេសនៅចុងឆ្នាំ២០២៣ ខណ:នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ក៏បានជួបជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន គឺលោក Elon Musk កាលពីអំឡុងខែកញ្ញា នៅទីក្រុងញូវយ៉កផងដែរ ដែលជាកន្លែងពួកគេបានពិភាក្សាគ្នាជាច្រើនអំពីក្រុមហ៊ុន Tesla, SpaceX និង Starlink ។
គួរឲ្យដឹងថា ថៃត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលផលិត និងនាំចេញរថយន្តធំជាងគេ នៅក្នុងអាស៊ីអាគ្នេយ៍ ខណ:ប្រទេសនេះក៏បានបង្ហើបពីមហិច្ឆតារបស់ខ្លួន ដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតរថយន្ត EV ដ៏សំខាន់ នៅក្នុងតំបន់ថែមទៀតផង។
ជម្រាបជូនផងដែរថា គិតមកទល់ពេលនេះ ប្រទេសថៃ បានទាក់ទាញការវិនិយោគក្នុងចំនួនទឹកប្រាក់ជាង ១,៤៤ពាន់លានដុល្លាររួចហើយ ពីសំណាក់ក្រុមហ៊ុនផលិតរថយន្ត EV របស់ប្រទេសចិន៕