កាលពីយប់ថ្ងៃទី០៥ ខែមីនា បណ្ដាញសង្គម Meta Platforms ទាំងអស់ ដែលមានដូចជា Facebook, Instagram, Threads និង Messenger បានមានបញ្ហា មិនអាចប្រើប្រាស់បានរយៈពេលជិត ២ម៉ោង ទូទាំងពិភពលោក ហើយបញ្ហាមួយនេះបានធ្វើឲ្យស្ថាបនិក្រុមហ៊ុន មហាសេដ្ឋី Mark Zuckerberg របូតលុយអស់មិនតិចឡើយ។
យោងតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិជាច្រើនបានបង្ហាញថា លោក Mark បានខាតបង់ទ្រព្យសម្បត្តិប្រហែល ១០០លានដុល្លារ ស្របពេលតម្លៃមូលធនក្រុមហ៊ុន Meta Platforms ក៏បានថយចុះប្រហែល ១៨ពាន់លានដុល្លារ ដោយសារតម្លៃហ៊ុនរបស់ពួកគេ បានធ្លាក់ចុះ ប្រហែល ១,៦%។
ដោយឡែក ចំពោះមូលហេតុដែលបណ្ដាលឲ្យកើតមានជាបញ្ហានេះ គឺអាចបណ្ដាលមកពីកំហុសបច្ចេកទេសណាមួយ ដែលទាក់ទងនឹងការសរសេរកូដ ដើម្បីកែប្រែគោលការណ៍មួយចំនួនរបស់ក្រុមហ៊ុន ឲ្យស្របតាមច្បាប់ថ្មីទាក់ទងនឹងទីផ្សារឌីជីថល ដែលសហភាពអឺរ៉ុបបានដាក់ចេញកាលពីសប្ដាហ៍មុន។
យ៉ាងណា វាគ្រាន់តែជាការសន្និដ្ឋានពីក្រុមអ្នកវិភាគអន្តរជាតិមួយចំនួនប៉ុណ្ណោះ ចំណែកឯមូលហេតុពិតប្រាកដមិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេ តែស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg ក៏បានបង្ហោះសារសុំទោសជាសាធារណៈ ចំពោះកំហុសដ៏ធំមួយនេះផងដែរ៕