អូស្រ្តាលី គ្រោងបង្កើនកញ្ចប់ហិរញ្ញប្បទានជាង ១ពាន់លានដុល្លារ ក្នុងតំបន់អាស៊ាន

អន្តរជាតិ

កាលពីថ្ងៃទី៥ ខែមីនា កន្លងទៅ ប្រទេសអូស្រ្តាលី បានធ្វើការប្រកាសអំពីផែនការរបស់ខ្លួន ក្នុងការបង្កើនការវិនិយោគនៅក្នុងតំបន់អាស៊ាន ជាមួយនឹងការបង្កើតកញ្ចប់ហិរញ្ញប្បទានថ្មីចំនួន ១,៣ពាន់លានដុល្លារ ដើម្បីជំរុញទៅលើវិស័យពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលនិធិថ្មីនេះ ត្រូវបានប្រកាសជាផ្លូវការដោយនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese ក្នុងអំឡុងកិច្ចប្រជុំកំពូលពិសេសរយ:ពេល ៣ថ្ងៃ ដើម្បីរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ាន-អូស្រ្តាលី នៅក្នុងទីក្រុងមែលប៊ន។

ជុំវិញមូលនិធិដែលត្រូវបានប្រកាសនេះ ក៏នឹងត្រូវផ្តោតសំខាន់លើថាមពលស្អាត រួមទាំងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការផ្តល់ប្រាក់កម្ចី ការធានា សមធម៌ និងការធានារ៉ាប់រងផងដែរ។ ហើយស្របពេលជាមួយគ្នានោះ អូស្ត្រាលីក៏នឹងផ្តល់ជំនួយបន្ថែមចំនួន ១៤០លានដុល្លារអូស្រ្តាលី (៩១,១៨លានដុល្លារអាមេរិក) ដើម្បីបន្តកម្មវិធីដែលមានស្រាប់របស់ខ្លួន នៅក្នុងតំបន់អាស៊ានផងដែរ។

ជម្រាបជូនផងដែរថា ក្រៅតែពីដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសចិន អូស្រ្តាលី បាននិងកំពុងសម្លឹងរកមើលការកសាងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសជាដៃគូផ្សេងទៀត ជាពិសេសនៅក្នុងតំបន់អាស៊ានផ្ទាល់តែម្តង ដោយសារតែមើលឃើញពីកំណើនប្រជាជនយ៉ាងឆាប់រហ័ស ក៏ដូចជានិរន្តរភាពយូរអង្វែង ដូច្នេះហើយទើបអាស៊ានត្រូវបានចាត់ទុកថាជាតំបន់មហាសេដ្ឋកិច្ចដែលកំពុងមានភាពរីកចម្រើនបំផុតមួយ៕