រដ្ឋាភិបាលរុស្ស៊ីបានច្រានចោលនូវដីកាចាប់ខ្លួមេបញ្ជាការ ២រូប ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC ជុំវិញឧក្រិដ្ឋកម្មសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

អ្នកនាំពាក្យរដ្ឋាវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីមិនមែនជាផ្នែកនៃសន្ធិសញ្ញា Rome Statute ដែលបង្កើតនូវស្ថាប័ន ICC ដូច្នេះរដ្ឋាភិបាលក្រុងមូស្គូ មិនទទួលស្គាល់នូវដីកាចាប់ខ្លួនមួយនេះឡើយ។
រំលឹកបន្តិចថា កាលពីដើមសប្ដាហ៍នេះ ICC បានចេញនូដីកាចាប់ខ្លួនមេបញ្ជាការកងទ័ពរុស្ស៊ី ២រូប គឺលោក Sergei Kobylash និងលោក Viktor Sokolov ដោយចោទប្រកាន់ថា អ្នកទាំង២ បានបញ្ជាឲ្យមានការបាញ់មីស៊ីលទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីអ៊ុយក្រែន។
សូមជម្រាបបន្ថែមថា នេះមិនមែនជាលើកទីមួយឡើយ ដែល ICC ចេញបញ្ជាចាប់ខ្លួនបុគ្គលសំខាន់ៗនៅក្នុងជួរកងទ័ពរុស្ស៊ី ពោលកាលពីខែមីនាឆ្នាំទៅ ពួកគេក៏បានចេញដីកាតាមចាប់ខ្លួនប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីនផងដែរ ដោយចោទមេដឹកនាំរុស្ស៊ីថា ជាអ្នកបង្កាត់ភ្លើងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ក៏ប៉ុន្តែវិមានក្រឹមឡាំងមិនរវីរវល់ជាមួយដីកាចាប់ខ្លួននេះឡើយ៕