សេដ្ឋកិច្ចថៃរំពឹងថានឹងមានកំណើនចន្លោះពី២,៨% ទៅ៣,៣% នៅឆ្នាំនេះ

អន្តរជាតិ

គណកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) បានរក្សាការព្យាករណ៍ថា  កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃនឹងមានការកើនឡើងក្នុងកម្រិតចន្លោះពី២,៨% ទៅ៣,៣% នៅឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ The Nation ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំ JSCCIB កាលពីថ្ងៃទី៦ ខែមីនា ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriengkrai Thiennukul បាននិយាយថា សេដ្ឋកិច្ចថៃនៅតែងាយរងគ្រោះដោយសារកត្តាអវិជ្ជមានមួយចំនួន ដូចជាការធ្លាក់ចុះនៃការនាំចេញ និងវិស័យទេសចរណ៍មានការងើបឡើងវិញយឺតជាងការរំពឹងទុក ហើយកំណើនបំណុលគ្រួសារក៏កំពុងមានឥទ្ធិពលលើការទិញទំនិញរបស់របស់ប្រជាជនផងដែរ។

លោកបន្តថា បើទោះបីជាការនាំចេញទំនងជានឹងកើនឡើងជាងនេះក៏ដោយ តែវាក៏នៅតែមានចំនួនតិចដដែលនៅឆ្នាំនេះ ហើយឧស្សាហកម្មដែលពឹងផ្អែកលើការនាំចេញ នឹងត្រូវរក្សាផលិតកម្មរបស់ខ្លួននៅក្នុងកម្រិតទាបដូចគ្នា។ ម្យ៉ាងវិញទៀត បើទោះបីជាវិស័យទេសចរណ៍មានការកែតម្រូវឲ្យមានភាពទាក់ទាញជាងមុនក៏ដោយចុះ ប៉ុន្តែចំនួនភ្ញៀវទេសចរចិន នឹងនៅតែទាបជាងកម្រិតមុនមានការរាតត្បាតដល់ទៅ៥០% ដ្បិតពួកគេភាគច្រើនចូលចិត្តធ្វើដំណើរកម្សាន្តក្នុងស្រុកជាង។

ប្រធាន FTI រូបនេះបានបន្ថែមទៀតថា ការទិញទំនិញនៅក្នុងស្រុកនឹងបន្តរងសម្ពាធដោយសារបំណុលគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយលោកលើកឡើងថា JSCCIB រំពឹងថាការចំណាយរបស់រដ្ឋាភិបាល នឹងមានភាពប្រសើរឡើងនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៤ ដោយសារតែការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក្នុងការបែងចែកមូលនិធិពីថវិកាជាតិ ខណៈដែលវាក៏នឹងជួយឲ្យសេដ្ឋកិច្ចមានការកើនឡើងជាងមុន ព្រមទាំងគាំទ្រដល់ការវិនិយោគរបស់រដ្ឋាភិបាល និងឯកជននាពេលអនាគតថែមទៀតផង៕