ក្រុមហ៊ុនរថយន្តអគ្គិសនីខ្នាតយក្ស Tesla បានប្រកាសកាលពីថ្ងៃទី០៦ ខែមីនានេះថា សង្វាក់ផលិតកម្មនៅប្រទេសអាល្លឺម៉ង់ នឹងត្រូវផ្អាករហូតដល់ថ្ងៃទី១៧ ខែមីនា ដោយសារគ្មានអគ្គិសនីប្រើប្រាស់។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា មូលហេតុដែលធ្វើឲ្យចរន្តអគ្គិសនីត្រូវបានកាត់ផ្ដាច់ គឺដោយសារថ្មីៗនេះមានករណីដុតបំផ្លាញអគារនៅក្បែររោងចក្រ Tesla នៃប្រទេសអាល្លឺម៉ង់ ហើយក្រុមប៉ូលិសកំពុងបើកការស៊ើបអង្កេត ដោយសង្ស័យថា វាជាការបង្កឡើងដោយចេតនា។
ជុំវិញការផ្អាកសង្វាក់ផលិតកម្មនេះផងដែរ ក្រុមហ៊ុនមហាសេដ្ឋី Elon Musk បានព្យាករណ៍ថា ពួកគេនឹងទទួលការខាតបង់រាប់រយលានដុល្លារ បន្ទាប់ពីរថយន្តប្រហែល ១ពាន់គ្រឿង ត្រូវជាប់គាំង មិនទាន់ដំឡើងរួចរាល់។
សូមជម្រាបដែរថា បន្ទាប់ពីដំណឹងមួយនេះត្រូវបានផ្សាយជាសាធារណៈ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla មានការដាំក្បាលចុះគួរឲ្យបារម្ភ ពោលគឺថយចុះដល់ទៅ ២,៦% មកនៅត្រឹម ១៧៦,៥៤ដុល្លារប៉ុណ្ណោះក្នុងមួយហ៊ុន៕