នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla មហាសេដ្ឋី Elon Musk បាននិយាយកាលពីថ្ងៃពុធ ទី៧ ខែមីនា កន្លងទៅថា លោកនឹងមិនធ្វើការបរិច្ចាគណាមួយ ដើម្បីគាំទ្រដល់យុទ្ធនាការស្វែងរកសន្លឹកឆ្នោតរបស់ប្រធានាធិបតីបច្ចុប្បន្ន លោក ចូ បៃដិន ឬអតីតប្រធានាធិបតី លោក ដូណាល់ត្រាំ នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។
លោក Musk បាននិយាយបែបនេះ នៅក្នុងការបង្ហោះសារមួយនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួន ដោយសង្កត់ធ្ងន់ទៀតថា ៖ “ខ្ញុំគ្រាន់តែចង់បញ្ជាក់ឲ្យបានដឹងច្បាស់ថា ខ្ញុំនឹងមិនបរិច្ចាគប្រាក់ដល់បេក្ខភាពទាំងពីរ សម្រាប់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេ” ។
គួរឲ្យដឹងផងដែរថា ការបង្ហោះសាររបស់លោក Musk បានកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកាសែត New York Times បានរាយការណ៍ថាកាលពីចុងសប្តាហ៍មុនថា ស្ថាបនិករបស់ក្រុមហ៊ុន Tesla និង SpaceX រូបនេះ បានជួបជាមួយលោក ត្រាំ ដើម្បីពិភាក្សាជុំវិញការផ្តល់ជំនួយដល់គណបក្សសាធារណរដ្ឋ ជុំវិញយុទ្ធនាការស្វែងរកសន្លឹកឆ្នោត។
បញ្ជាក់បន្ថែមទៀតផងដែរថា បើទោះបីជាលោក Musk មិនបានប្រកាសពីការគាំទ្រដោយផ្ទាល់សម្រាប់យុទ្ធនាការដល់បេក្ខភាពទាំងពីរនេះក៏ដោយ ប៉ុន្តែមហាសេដ្ឋីមានដែលមានទ្រព្យសរុបសរុបប្រមាណ ១៩៥ពាន់លានដុល្លារ រូបនេះ ក៏នៅតែអាចផ្តល់ការគាំទ្រដល់ លោក ត្រាំ ឬ បៃដិន តាមរយ:វិធីផ្សេងទៀត ដូចជាអាចធ្វើការបរិច្ចាគទៅកាន់គណៈកម្មាធិការសកម្មភាពនយោបាយ ជាដើម។
ជម្រាបជូនផងដែរថា ក្នុងអំឡុងពេលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០១៨ លោក Musk បានរួមចំណែកជាបន្តបន្ទាប់ដើម្បីផ្តល់ជំនួយទាំងគណៈកម្មាធិការគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ដើម្បីគាំទ្រដល់បេក្ខភាពដែលឈរឈ្មោះនៅក្នុងសភា៕