រដ្ឋាភិបាលហ្វីលីពីន កាលពីថ្ងៃទី៦ ខែមីនាកន្លងទៅ បាននិយាយថា គ្រោះរាំងស្ងួត និងបាតុភូត El Nino បានធ្វើឲ្យវិស័យកសិកម្មរបស់ខ្លួន ខាតបង់ទឹកប្រាក់ជាង ១ពាន់លានប៉េសូ (ជិត ១៩លានដុល្លារ) ខណ:ពេលដែលបញ្ហាអាកាសធាតុនេះអាចនឹងបន្តអូសបន្លាយរហូតដល់ត្រីមាសទី២ ឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ បាននិយាយថាបាតុភូតរាំងស្ងួត El Nino បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កសិករ និងប្រជានេសាទជាង ២៣ ០០០ នាក់ និងបានបំផ្លាញផ្ទៃដីដាំដំណាំជិត ១៨ ០០០ ហិកតា ក្នុងតំបន់ចំនួន៥ នៅទូទាំងប្រទេស។
គួរឲ្យដឹងផងដែរថា តំបន់ Visayas ដែលស្ថិតនៅភាគខាងលិចប្រទេសហ្វីលីពីន បានរាយការណ៍ពីការចំណាយខ្ពស់បំផុតនៃការខូចខាតដំណាំកសិកម្ម បន្ទាប់ពីតំបន់ដែលស្ថិតនៅកោះ Luzon និងឧបទ្វីប Zamboanga ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន។
កាលពីថ្ងៃទី៥ ខែមីនា លេខាធិការនៃអាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍជាតិ លោក Arsenio Balisacan បានសម្តែងការព្រួយបារម្ភខ្លាំងអំពីផលប៉ះពាល់ដែលអាចបន្តកើតមាន ដោយសារតែបាតុភូតរាំងស្ងួត El Nino ដែលនឹងជះឥទ្ធិពលខ្លាំងចំពោះការកើនឡើងនៃតម្លៃម្ហូបអាហារ ក្នុងប្រទេស។
ជម្រាបជូនផងដែរថា ទិន្នន័យដែលទទួលបានពីអាជ្ញាធរស្ថិតិហ្វីលីពីន បានបង្ហាញថា អតិផរណាពីមួយឆ្នាំទៅមួយឆ្នាំក្នុងប្រទេស បានកើនឡើងដល់៣,៤% នៅក្នុងខែកុម្ភៈ ខណៈពេលដែលអង្ករនៅតែរួមចំណែកខ្ពស់បំផុតចំពោះការកើនឡើងនៃអត្រាអតិផរណានេះ ដោយសារតែតម្លៃបានកើនឡើងដល់ ២៣,៧% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០៩ មក៕