ប្រទេសឡាវ កាលពីពេលថ្មីៗនេះ បានកត់ត្រាពីការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងពាណិជ្ជកម្មប្រចាំឆ្នាំរបស់ខ្លួន កាលពីឆ្នាំ២០២៣ កន្លងទៅ ដោយអាចឈានដល់ចំនួនជាង ១៥,៥ពាន់លានដុល្លារ ពោលគឺកើនឡើង ៣,៥% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ជុំវិញតួលេខនេះ បានបង្ហាញថាតម្លៃនៃការនាំចេញរបស់ប្រទេសឡាវ មានចំនួនសរុបប្រមាណ ៨ពាន់លានដុល្លារ ពោលគឺកើនឡើង ៣,៥% បើធៀបទៅនឹងឆ្នាំ២០២២ ស្របពេលការនាំចេញវិញ បានកើនឡើង ៥% ដល់ចំនួនជាង ៧ពាន់លានដុល្លារ។
គួរឲ្យដឹងផងដែរថា ចំពោះទំនិញនាំចេញសំខាន់ៗបំផុតរបស់ប្រទេសឡាវ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ មានដូចជា ថាមពលអគ្គិសនី មាសដុំ ក្រដាស ផលិតផលធ្វើពីក្រដាស រ៉ែមាស និងរ៉ែដែក។
ទន្ទឹមនឹងនេះ ប្រេងម៉ាស៊ូតបានក្លាយជាទំនិញនាំចូលលំដាប់កំពូលរបស់ប្រទេសឡាវ ដែលមានតម្លៃរហូតដល់ ៩៥២លានដុល្លារ បន្ទាប់មកគឺគ្រឿងចក្រ យានជំនិះ ដែក និងផលិតផលដែក និងប្រេងសាំង។
ជម្រាបជូនផងដែរថា ប្រទេសថៃបានក្លាយជាទិសដៅនាំចេញឈានមុខគេរបស់ឡាវ ដែលមានទំហំទឹកប្រាក់ចំនួន ២,៨ពាន់លានដុល្លារ និងតាមពីក្រោយដោយប្រទេសចិន វៀតណាម អូស្ត្រាលី និងកម្ពុជា។ ជាមួយគ្នានោះដែរ ប្រទេសថៃក៏បានដណ្តើមយកតំណែងកំពូលជាប្រភពនាំចូលចម្បងរបស់ឡាវផងដែរ ដោយមានទំហំទឹកប្រាក់សរុប ៣,៣ពាន់លានដុល្លារ តាមពីក្រោយដោយប្រទេសចិន វៀតណាម អាមេរិក និងជប៉ុន៕