កាលពីថ្ងៃទី១០ ខែមីនា ប្រទេសឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចំនួនបួន ដែលសុទ្ធសឹងតែជាសមាជិកនៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ក្នុងន័យដើម្បីកាត់បន្ថយការយកពន្ធលើទំនិញនាំចូលមកកាន់ប្រទេសខ្លួន ជាថ្នូរនឹងការវិនិយោគពីប្រទេសទាំងនេះសរុបចំនួន ១០០ពាន់លានដុល្លារសម្រាប់រយៈពេល ១៥ឆ្នាំ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។
រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌាលោក Piyush Goyal បាននិយាយថា EFTA ដែលរួមមានប្រទេសស្វីស ន័រវេស អ៊ីស្លង់ និង លីចតេនស្ទីន នឹងធ្វើការវិនិយោគសរុបចំនួន ១០០ពាន់លានដុល្លារសម្រាប់រយៈពេល ១៥ឆ្នាំនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសឥណ្ឌា ដែលបច្ចុបន្ននេះមានប្រជាជនជាង ១,៤ពាន់លាននាក់។
លើសពីនោះ ក្រសួងពាណិជ្ជកម្មបានប៉ាន់ប្រមាណថា ប្រទេសឥណ្ឌាគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំរបស់ EFTA បន្ទាប់ពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស និងចិន ជាមួយនឹងពាណិជ្ជកម្មទ្វេភាគីសរុបចំនួន ២៥ពាន់លានដុល្លារកាលពីក្នុងឆ្នាំ២០២៣។
គួរជម្រាបថា កិច្ចព្រមព្រៀងជាមួយ EFTA នេះធ្វើឡើងបន្ទាប់ពីឥណ្ឌាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងរយៈពេលពីរឆ្នាំចុងក្រោយជាមួយប្រទេសអូស្ត្រាលី និងអារ៉ាប់រួម ខណៈដែលមួយទៀតកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយជាមួយចក្រភពអង់គ្លេស ស្របពេលដែលនាយកមន្ត្រីលោក Narendra Modi ក៏មានបំណងសម្រាប់ការនាំចេញប្រចាំឆ្នាំឲ្យបានចំនួន ១ទ្រីលានដុល្លារនៅឆ្នាំ២០៣០ ផងដែរ៕