មហាសេដ្ឋី Elon Musk ជួបប្រទះការខាតបង់ធំសំបើមនាដើមឆ្នាំ២០២៤នេះ ដោយទ្រព្យសម្បត្តិរបស់លោក មានការថយចុះគួរឲ្យកត់សម្គាល់ប្រមាណ ៤០ពាន់លានដុល្លារឯណោះ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ GEO។
ការថយចុះយ៉ាងច្រើននេះ បានបណ្ដាលឲ្យតំណែងជាកំពូលអ្នកមានលើលោក របស់មេធំ Tesla ក៏ត្រូវបានបាត់បង់ដូចគ្នា ដោយបច្ចុប្បន្ន Elon Musk ស្ថិតនៅលេខរៀងទី០៣ ជាមួយទ្រព្យសម្បត្តិ ១៨៩ពាន់លានដុល្លារ នៃបញ្ជីកំពូលមហាសេដ្ឋីពិភពលោក ដោយមានស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ឈរនៅលេខ០២ ជាមួយទ្រព្យសម្បត្តិ ១៩៨ពាន់លានដុល្លារ និងមហាសេដ្ឋីបារាំង Bernard Arnault នៅកំពូលតារាង មានទ្រព្យសម្បត្តិ ២០១ពាន់លានដុល្លារ។
មូលហេតុដែល Elon Musk ខាតលុយច្រើនដល់ថ្នាក់នេះ គឺដោយសារតែតម្លៃហ៊ុនរបស់ Tesla បានថយចុះប្រហែល ២៩% បន្ទាប់ពីមានការប្រកាសពីអត្រាលក់រថយន្តនៅប្រទេសចិន មានការថយចុះ ស្របពេលរោងចក្ររថយន្តនៅអាល្លឺម៉ង់ ក៏កំពុងផ្អាកផលិតកម្មថែមទៀត។
បន្ថែមពីនោះ រឿងក្ដីដែលតុលាការរារាំងការបង់ប្រាក់ប្រមាណ ៥៥ពាន់លានដុល្លារ ពីក្រុមហ៊ុន Tesla ទៅឲ្យមហាសេដ្ឋី Elon Musk កាលពីពេលកន្លងទៅ ក៏ជាកត្តាចំបងមួយ ធ្វើឲ្យទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិករូបនេះ មានការថយចុះផងដែរ៕