ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសពីការពន្យារពេលបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ុយក្រែន ដែលត្រូវធ្វើឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខ ខណៈនេះគឺជាលើកទី០៣ ហើយ ដែលដំណើរទស្សនកិច្ចរបស់មេដឹកនាំបារាំង ត្រូវបានពន្យារពេល។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា លោក Macron មានបំណងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន តាំងពីខែកុម្ភៈ ដើម្បីចុះកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី ក៏ប៉ុន្តែវាត្រូវបានផ្អាក ដោយសារប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានធ្វើដំណើរទៅប្រទេសបារាំងវិញនាពេលនោះ។
ក្រោយមក កាលបរិច្ឆេទនៃដំណើរទស្សនកិច្ចមួយនេះ ត្រូវបានលើកមកធ្វើនៅដើមខែមីនាវិញ មុនត្រូវបានពន្យារពេលទៅចុងខែ ហើយថ្មីៗនេះវាត្រូវបានលើកពេលម្ដងទៀត ដោយសារនេះមិនទាន់ត្រូវបានបញ្ជាក់ពីកាលបរិច្ឆេទថ្មីនោះឡើយ។
សូមជម្រាបដែរថា មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលបារាំងបានបញ្ចេញនូវការគាំទ្រយ៉ាងមុតមាំ ចំពោះអ៊ុយក្រែន ជុំវិញការធ្វើសង្គ្រាមជាមួយរុស្ស៊ី ដោយអះអាងថា រុស្ស៊ីត្រូវតែចាញ់សង្គ្រាមមួយនេះ បើមិនដូច្នោះទេ សហភាពអឺរ៉ុបទាំងមូល នឹងជួបវិបត្តិសង្គ្រាមដូចជាអ៊ុយក្រែនដែរ៕