សធារណជនមួយចំនួនដឹងត្រឹមថា មហាសេដ្ឋីបច្ចេកវិទ្យាលំដាប់កំពូលៗដូចជា Elon Musk, Jeff Bezos, Mark Zuckerberg, Bill Gates ក៏ដូចជា Larry Ellison ជាដើមនោះ សុទ្ធសឹងតែជាបុគ្គលដែលផ្តោតតែទៅលើមុខជំនួញ ក៏ដូចជាទ្រព្យសម្បត្តិមួយមុខគត់ តែក៏មានមនុស្សតិចណាស់ដែលដឹងថាពួកគាត់ចូលចិត្តលេងកីឡាប្រភេទណានោះ។
ខាងក្រោមនេះ គឺជាប្រភេទកីឡាដែលមហាសេដ្ឋីបច្ចេកវិទ្យាលុយវាល់លានទាំងប្រាំ ចូលចិត្តលេងបំផុត៖
ទី១ នាយកប្រតិបត្តិក្រុមហ៊ុន Tesla មហាសេដ្ឋីអាមេរិក Elon Musk ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ១៩៥ពាន់លានដុល្លារ។ លោកត្រូវបានគេស្គាល់ថា ជាមនុស្សម្នាក់តែងតែស្វែងយល់ពីក្បាច់គុនផ្សេងៗដូចជា ការ៉ាតេ និងយូដូជាដើម ហើយគាត់ក៏ធ្លាប់បានចូលរួមក្នុងកីឡាចំបាប់ផងដែរ នេះបើតាមការចែករំលែករូបភាពរបស់លោកនៅក្នុងបណ្តាញសង្គម X កាលពីក្នុងឆ្នាំ២០២២ ។
ទី២ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ១៩៤ពាន់លានដុល្លារ ក៏ជាមនុស្សម្នាក់ដែលចូលចិត្តលេងកីឡាជាច្រើនដូចជាជិះសេះ មុជទឹក ឡើងភ្នំ និងរុករករូងភ្នំជាដើម។ ម្យ៉ាងវិញទៀត នៅក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ CNN លោក Bezos បានបង្ហើបប្រាប់ថា នៅវ័យកុមារភាពលោកគឺជាក្មេងប្រុសម្នាក់ ដែលចូលចិត្តលេងកីឡាបាល់ទាត់។ លើសពីនោះ កាលពីក្នុងឆ្នាំ២០០១ លោក និងមហាសេដ្ឋី Bill Gates ក៏ធ្លាប់ជាគូប្រជែងគ្នាក្នុងការប្រកួតកីឡាវាយកូនបាល់ផងដែរ។
ទី៣ ស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg ដែលជាម្ចាស់នៃទ្រព្យសម្បត្តិប្រមាណ ១៧៧,៤ពាន់លានដុល្លារនាពេលបច្ចុប្បន្ននេះ ហើយលោកគឺជាមនុស្សម្នាក់ ដែលចូលចិត្តហ្វឹកហាត់ក្បាច់គុនជាច្រើនប្រភេទដូចជាកីឡាគុនដាវ កីឡាជូជីតស៊ូ និងសិល្បៈក្បាច់គុនចម្រុះដើម។ មិនត្រឹមតែប៉ុណ្ណោះ បើតាមកាសែត New York Post បានរាយការណ៍ដែរថា គាត់ជាអ្នកចូលចិត្តរត់ និងលេងកីឡាវាយកូនបាល់ នៅរៀងរាល់ព្រឹកមុនពេលចេញដំណើរទៅធ្វើការ។
ចំណែកទី៤ ស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រហែល ១៣៩,៥ពាន់លានដុល្លារ ត្រូវបានគេស្គាល់ថាមានចំណង់ចំណូលចិត្តទៅលើកីឡាទូកក្តោង លោកក៏ធ្លាប់ទទួលបានជ័យជម្នះដល់ទៅចំនួនប្រាំដងនៅក្នុងការប្រកួត Maxi World Championships ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីអំឡុងឆ្នាំ២០១៨ គាត់គឺជាស្ថាបនិកម្នាក់ដែលបានបង្កើតព្រឹត្តិការណ៍ SailGP ដែលជាលីគទូកក្តោងមួយតែងតែត្រូវបានគេហៅថា Formula One of Sailing ។
ចុងក្រោយគេទី៥ ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ១២៧,៧ពាន់លានដុល្លារ។ លោកគឺជាបុគ្គលម្នាក់ដែលមានចំណង់ចំណូលចិត្តចំពោះកីឡាវាយប៉េងប៉ុង ហើយនៅក្នុងឆ្នាំ២០១៧ លោកក៏ធ្លាប់បានចូលរួមការប្រកួតកីឡាវាយកូនបាល់បែបមិត្តភាពដើម្បីរៃអង្គាសប្រាក់សប្បុរសធម៌ ដោយកាលនោះចាប់ដៃគូសហការជាមួយកីឡាករអាជីព Roger Federer ។ មួយវិញទៀត មហាសេដ្ឋីរូបនេះបាននិយាយថា គាត់បានលេងកីឡា pickleball អស់រយៈពេល ៥០ឆ្នាំមកហើយ ហើយកាលពីពេលថ្មីៗ លោកត្រូវបានគេប្រទះឃើញថា បានលេងកីឡាវាយកូនបាល់ជាមួយមិត្តស្រីនៅរមនីយដ្ឋានលំដាប់ផ្កាយប្រាំមួយកន្លែង នាទីក្រុងដាណាងប្រទេសវៀតណាម៕