អាជ្ញាធរចិន ប្រាប់ឲ្យក្រុមហ៊ុនអចលនទ្រព្យត្រូវតែប្រកាសក្ស័យធន បើគ្មានលទ្ធភាព

អន្តរជាតិ

ថ្មីៗនេះ អាជ្ញាធររបស់ប្រទេសចិន បានធ្វើការចង្អុលបង្ហាញថា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលកំពុងជួបប្រទះជាមួយនឹងវិបត្តិធ្ងន់ធ្ងរ នឹងមិនអាចទទួលបានការវិធានការសង្គ្រោះនោះឡើយ ដោយថែមទាំងព្រមានទៀតថា ក្រុមហ៊ុនណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍មហាជន នឹងត្រូវទទួលទោស។ នេះបើតាមការចុះផ្សាយពិសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការលើកឡើងរបស់លោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍទីក្រុង-ជនបទ ដោយលោកថែមទាំងបានសង្កត់ធ្ងន់ទៀតថា សម្រាប់ក្រុមហ៊ុនអចលនទ្រព្យដែលជួបវិបត្តិធ្ងន់ធ្ងរ និងបាត់បង់សមត្ថភាពក្នុងការដំណើរការ ក្រុមហ៊ុននោះគួរតែត្រូវប្រកាសក្ស័យធន ឬត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ ស្របតាមច្បាប់ និងគោលការណ៍របស់ទីផ្សារ។

លោក Ni Hong ក៏បាននិយាយបន្ថែមទៀតផងដែរថា ចំពោះក្រុមហ៊ុនអចលនទ្រព្យណាមួយ ដែលបន្តប្រព្រឹត្តិអំពើធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មហាជន នោះនឹងត្រូវទទួលបានការស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ និងផ្តន្ទាទោសតាមច្បាប់ ហើយពួកគេនឹងត្រូវបង់ថ្លៃសំណងតាមការកំណត់របស់រដ្ឋាភិបាល។

គួរឲ្យដឹងផងដែរថា ការលើកឡើងរបស់លោក Ni Hong បែបនេះ ត្រូវបានធ្វើឡើងនៅពេលដែលក្រុមហ៊ុនអចលនទ្រព្យធំៗ ដោយរាប់ចាប់ពី Evergrande រហូតដល់ Country Garden បានបរាជ័យក្នុងការសងបំណុលរបស់ពួកគេ ដែលជាហេតុធ្វើឲ្យមានការធ្លាក់ចុះនៃការលក់ផ្ទះថ្មីៗ នៅទូទាំងប្រទេស។

ជម្រាបជូនផងដែរថា នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់ចេញវិធានការ​បង្ក្រាបទ្រង់ទ្រាយធំចំពោះការកើនឡើងនៃបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យ ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ។ ហើយចាប់តាំងពីពេលនោះមក អាជ្ញាធរបានប្រកាសវិធានការផ្តល់ហិរញ្ញប្បទានដល់អ្នកអភិវឌ្ឍមួយចំនួន ប៉ុន្តែក៏នៅតែប្រកាន់ជំហរក្នុងការជម្រុះចោលក្រុមហ៊ុនណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ជាតិផងដែរ៕