យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (KResearch) បានធ្វើការប៉ាន់ប្រមាណថា ប្រទេសថៃ នឹងទទួលបានភ្ញៀវទេសចរបរទេសសរុបចំនួន ៣៦ លាននាក់ នៅឆ្នាំ២០២៤ នេះ ដោយសារសេដ្ឋកិច្ចមានភាពប្រសើរឡើង និងគោលនយោបាយគាំទ្រជាច្រើនរបស់រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ការប៉ាន់ប្រមាណរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn នេះ គឺផ្នែកទៅលើការមកដល់របស់ភ្ញៀវទេសចរបរទេស ក្នុងចំនួន ៦,៤ លាននាក់ រួចមកហើយ គិតក្នុងរយ:ពេលពីរខែដំបូងនៃឆ្នាំនេះ ពោលគឺបានកើនឡើង ៥០% បើធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
ប្រភពដដែលនេះ បានធ្វើការអះអាងទៀតថា ការកើនឡើងដ៏ច្រើននៃភ្ញៀវទេសចរបរទេសនេះ គឺដោយសារតែភាពល្អប្រសើរឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសថៃ និងគោលនយោបាយផ្សព្វផ្សាយពីវិស័យទេសចរណ៍រយៈពេលខ្លី និងរយៈពេលវែងរបស់រដ្ឋាភិបាល។
ទន្ទឹមនឹងនេះ Kresearch បានសង្កត់ធ្ងន់ថា អ្វីដែលលេចធ្លោជាងនេះ គឺគោលនយោបាយលើកលែងទិដ្ឋាការ ដែលត្រូវបានអនុវត្តតាំងពីខែកញ្ញាឆ្នាំមុនមក ដោយចាប់ផ្តើមជាមួយនឹងការលើកលែងទិដ្ឋាការរយៈពេលប្រាំខែ សម្រាប់ភ្ញៀវមកពីប្រទេសចិន និងកាហ្សាក់ស្ថាន ខណ:បន្ទាប់មកគឺឥណ្ឌា និងតៃវ៉ាន់ ដែលត្រូវបានចាប់ផ្តើមក្នុងខែវិច្ឆិកា។
តែទោះបីជាយ៉ាងណាក៏ដោយ ការប៉ាន់ប្រមាណរបស់ KResearch គឺទាបជាងក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ ដែលបានព្យាករថា នឹងមានភ្ញៀវបរទេសប្រមាណ ៤០ លាននាក់ មកដល់នៅឆ្នាំ២០២៤ នេះ ដែលអាចបង្កើតប្រាក់ចំណូលបានប្រហែល ២,៣ទ្រីលានបាត (៦៥ពាន់លានដុល្លារ) ក្នុងវិស័យទេសចរណ៍៕