មហាសេដ្ឋីអាមេរិក Mark Zuckerberg បានចាយលុយពីហោប៉ៅ ៣៣០លានដុល្លារ ដើម្បីទិញនាវាផ្ទាល់ខ្លួនចំនួនពីរគ្រឿង ដែលមានឈ្មោះថា Launchpad និងនាវាតូចមួយទៀត សម្រាប់ជំនួយដល់នាវាធំនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Yahoo បានបង្ហាញថា នាវា Launchpad របស់មហាសេដ្ឋីអាមេរិក គឺមានប្រវែងដល់ទៅ ១១៨ម៉ែត្រ និងអាចចំណតឧទ្ធម្ភាគចក្រថែមទៀត។

នាវាថ្មីរបស់មហាសេដ្ឋីអាមេរិក ក៏អាចទទួលភ្ញៀវបានច្រើនផងដែរ ដោយមានបន្ទប់គេងសម្រាប់ភ្ញៀវ ២៤នាក់ និងបុគ្គលិកបម្រើការងារលើទីនោះ ដល់ទៅ ៤៨នាក់ ស្របពេលនាវាជំនួយមួយគ្រឿងទៀតមានឈ្មោះថា Wingman ដែលទុកប្រើប្រាស់ សម្រាប់ផ្ទុកឧបករណ៍ជំនួយផ្សេងៗ។
រំលឹកបន្តិចថា នាវាមួយគ្រឿងនេះ ពីដើមឡើយគឺជាកម្មសិទ្ធរបស់មហាសេដ្ឋីរុស្ស៊ី Vladimir Potanin ក៏ប៉ុន្តែវាបានចតចោលនៅកន្លែងចតនាវានៃប្រទេសហូឡង់ជាច្រើនខែ បន្ទាប់ពីសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមអ្នកមាន ហើយទើបថ្មីៗនេះប៉ុណ្ណោះ ដែលរដ្ឋាភិបាលហូឡង់ បានសម្រេចលក់វាទៅឲ្យមហាសេដ្ឋី Mark Zuckerberg។
ជម្រាបបន្ថែមថា ទោះជាចាយលុយជាង ៣៣០លានដុល្លារ ទិញនាវាផ្ទាល់ខ្លួន២គ្រឿងក្ដី ក៏ទំហំលុយប៉ុណ្ណឹង ស្មើត្រឹម ០,១៨% នៃទ្រព្យសម្បត្តិសរុប ដែលមេធំ Facebook មានប៉ុណ្ណោះ ពោលប្រមាណ ១៧៩ពាន់លានដុល្លារ ស្របពេលនាវា Launchpad ត្រូវបានគេប៉ាន់ប្រមាណថា ត្រូវការចំណាយប្រាក់ ៣០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីថែទាំ និងប្រើប្រាស់វា៕