ក្រុមហ៊ុនរថយន្ត Ford Motor បានប្រកាសថា ពួកគេនឹងបង់ប្រាក់ពិន័យប្រមាណ ៣៦៥លានដុល្លារ ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក បន្ទាប់ពីរងការចោទប្រកាន់ទាក់ទងនឹងករណីគេចវែសការបង់ពន្ធ លើរថយន្តរាប់រយពាន់គ្រឿង។ នេះបើយោងតាមការចុះផ្សាយពីគេហទំព័រ Reuters។
ជាមួយគ្នា ក្រសួងយុត្តិធម៌អាមេរិកក៏បានទម្លាយទៀតថា ក្រុមហ៊ុន Ford បានបន្លំឯកសារ ការនាំចូលរថយន្តពីប្រទេសតួកគីពីខែមេសា ឆ្នាំ២០០៩ រហូតដល់ខែមីនា ឆ្នាំ២០១៣ ដើម្បីគេចចេញពីការបង់ពន្ធក្នុងតម្លៃថ្លៃ។
រដ្ឋាភិបាលអាមេរិក ក៏បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានទៀតថា ការបង់ប្រាក់បញ្ចប់រឿងមួយនេះ គឺជាការផាកពិន័យធំបំផុតមួយ នៅក្នុងសំណុំរឿងគេចវែសពន្ធ ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
សូមជម្រាបបន្ថែមថា ច្បាប់យកពន្ធនាំចូលរថយន្តនៅអាមេរិក គឺទាមទារ ២៥% លើរថយន្តដឹកទំនិញ និង ២,៥% លើរថយន្តដឹកអ្នកដំណើរ ដូច្នេះហើយក្រុមហ៊ុន Ford បានប្រើវិធីសាស្ត្រដាក់កៅអីផ្នែកខាងក្រោយ លើរថយន្តជាច្រើនពេលនាំចូល ហើយដោះកៅអីទាំងនោះវិញ ក្រោយបង់ពន្ធរួច និងលក់វាជាប្រភេទរថយន្តដឹកទំនិញ។ នេះបើតាមការបញ្ជាក់ពីក្រសួងយុត្តិធម៌អាមេរិក៕