ពីរខែដំបូងនៃឆ្នាំថ្មី ចិនលក់រថយន្តបានសរុបជាង​ ៤លានគ្រឿង

អន្តរជាតិ

ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិនបានបង្ហាញកាលពីថ្ងៃទី១១ ខែមីនាថា រយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ ការលក់រថយន្តរបស់ប្រទេសចិនបានកើនឡើង១១,១% ពីមួយឆ្នាំទៅមួយឆ្នាំដល់ចំនួនជិត ៤,០៣លានគ្រឿង ខណៈដែលការផលិតវិញបានកើនឡើង៨,១% ពីមួយឆ្នាំទៅមួយឆ្នាំដល់ចំនួន ៣,៩២លានគ្រឿង។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ ការផលិតរថយន្តដឹកអ្នកដំណើរមានចំនួន ៣,៣៦លានគ្រឿងកើនឡើង៧,៩% ចំណែក​ឯការលក់រថយន្តវិញក៏មានកើនឡើងដល់ទៅ១០,៦% ឬចំនួន ៣,៤៥លានគ្រឿងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានោះ ការផលិតរថយន្តពាណិជ្ជកម្មក៏បានកើនឡើង៩% ពីមួយឆ្នាំទៅមួយឆ្នាំផងដែរដល់ចំនួន ៥៦០ ០០០គ្រឿងចំណែកឯការលក់រថយន្តពាណិជ្ជកម្មវិញ បានកើនឡើង១៤,១% ពីមួយឆ្នាំទៅមួយឆ្នាំដល់ចំនួន ៥៧៥ ០០០គ្រឿង។

យ៉ាងណាបើងាកមកកាន់វិស័យយានជំនិះថាមពលថ្មី (NEVs) ក៏នៅតែរក្សាសន្ទុះកំណើនយ៉ាងលឿនក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ ពោលការផលិតរថយន្តប្រភេទ NEVs របស់ប្រទេសបានឈានដល់ ១,២៥លានគ្រឿងកើនឡើង២៨,២% បើធៀបនឹងឆ្នាំមុន ខណៈឯការលក់ NEVs វិញបានកើនឡើង២៩,៤% ពីមួយឆ្នាំទៅមួយឆ្នាំដល់ចំនួន ១,២១លានគ្រឿង។

គួរជម្រាបបន្ថែមថា ការនាំចេញរថយន្តទៅក្រៅប្រទេសមានចំនួនសរុប ៨២២ ០០០គ្រឿងកើនឡើង៣០,៥% ពីមួយឆ្នាំទៅមួយឆ្នាំ ចំណែកឯការលក់រថយន្តវិញបានឈានដល់ប្រហែល ១,៥៨លានគ្រឿងត្រឹមតែក្នុងខែកុម្ភៈប៉ុណ្ណោះ តែយ៉ាងណាវានៅតែធ្លាក់ចុះ១៩,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕