ក្រុមហ៊ុន Xiaomi គ្រោងបញ្ចេញរថយន្តអគ្គិសនីលើកដំបូងរបស់ខ្លួន នៅក្នុងខែនេះ

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិក Xiaomi របស់ប្រទេសចិននឹងចាប់ផ្តើមចែកចាយរថយន្តអគ្គិសនី (EV) ម៉ូឌែល SU7 ដំបូងរបស់ខ្លួនទៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកនៅក្នុងខែមីនា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រថយន្តរបស់ក្រុមហ៊ុន Xiaomi នឹងត្រូវផលិតដោយក្រុមហ៊ុនផលិតរថយន្តរបស់រដ្ឋ BAIC Group នៅក្នុងទីក្រុងប៉េកាំង ដែលមានសមត្ថភាពអាចផលិតរថយន្តបានចំនួន ២០០ ០០០គ្រឿងក្នុងមួយឆ្នាំៗ ខណៈដែលក្រុមហ៊ុនផលិតស្មាតហ្វូន ដែលជាក្រុមហ៊ុនធំលំដាប់ទី៥ របស់ប្រទេសចិនមួយនេះ បានបង្ហោះសារលើបណ្តាញសង្គម Weibo ថា ខ្លួនមានហាងចំនួន៥៩ នៅក្នុងទីក្រុងចំនួន២៩ ទូទាំងប្រទេស ដែលនឹងទទួលការបញ្ជាទិញ។ 

រម្លឹកទៅកាន់កម្មវិធីដាក់តាំងបង្ហាញរថយន្តម៉ូឌែល Speed Ultra 7 Sedan (SU7)កាលពីក្នុងខែធ្នូឆ្នាំមុនវិញ នាយកប្រតិបត្តិលោក Lei Jun បានលើកឡើងថា ដោយការខិតខំប្រឹងប្រែងពី ១៥ឆ្នាំ ទៅ២០ឆ្នាំខាងមុខ Xiaomi នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូលមួយ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំងប្រាំរបស់ពិភពលោក។ លោកបានអួតសរសើរបន្ថែមទៀតថា SU7 មានបច្ចេកវិទ្យា Super Electric Motor ដែលមានសមត្ថភាពអាចបញ្ជូនល្បឿនលឿនជាងរថយន្តអគ្គិសនី Tesla និង Porsche ទៅទៀត។

គួរជម្រាបផងដែរថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំជាងគេទីប្រាំរបស់ប្រទេសចិន Xiaomi កំពុងស្វែងរកការធ្វើពិពិធកម្មលើសពីអាជីវកម្មស្នូលរបស់ខ្លួន ទៅកាន់អាជីវកម្មរថយន្តអគ្គិសនី ចំពេលដែលតម្រូវការស្មាតហ្វូនរបស់ក្រុមហ៊ុនមួយនេះហាក់នៅទ្រឹង៕