កាលពីថ្ងៃទី១១ ខែមីនារដ្ឋបាលព័ត៌មានថាមពល (EIA) បានលើកឡើងថា ផលិតកម្មប្រេងឆៅរបស់សហរដ្ឋអាមេរិក នៅតែបន្តនាំមុខផលិតកម្មប្រេងពិភពលោកក្នុងរយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា ជាមួយនឹងការផលិតបំបែកកំណត់ត្រាជាមធ្យម ១២,៩លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ទីភ្នាក់ងារបានបន្ថែមទៀតថា ត្រឹមតែនៅក្នុងខែធ្នូប៉ុណ្ណោះ ការផលិតប្រេងឆៅរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតប្រចាំខែគឺជាង ១៣,៣លានបារ៉ែលក្នុងមួយម៉ោង ហើយបើយោងតាមស្ថិតិរបស់ថាមពលអន្តរជាតិនៅរយៈពេលប្រាំមួយឆ្នាំជាប់គ្នានេះ សហរដ្ឋអាមរិកផលិតប្រេងឆៅបានច្រើនជាងបណ្តាប្រទេសណាៗទាំងអស់ និងគ្រប់ពេលទាំងអស់។ ដូច្នេះហើយប្រទេសផ្សេងៗទំនងជាមិនអាចបំបែកកំណត់ត្រារបស់សហរដ្ឋអាមេរិក នៅក្នុងរយៈពេលដ៏ខ្លីបែបនេះបាននោះទេ។
បើងាកទៅកាន់តំបន់មជ្ឈិមបូព៌ាវិញ កាលពីក្នុងខែមករា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានបញ្ជាឲ្យក្រុមហ៊ុន Aramco បញ្ឈប់ផែនការពង្រីកទិន្នផលប្រេងរបស់ខ្លួន និងកំណត់គោលដៅផលិតកម្មប្រកបដោយនិរន្តរភាពជាអតិបរិមា ១២លានបារ៉ែលក្នុងមួយថ្ងៃ និងមួយលានបារ៉ែលក្នុងមួយម៉ោង ក្រោមគោលដៅដូចដែលបានប្រកាសកាលក្នុងពីឆ្នាំ២០២០ ។
គួរជម្រាបថា ថ្មីៗនេះសមាជិក OPEC+ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានយល់ព្រមបន្តកាត់បន្ថយលើទិន្នផលប្រេងដោយស្ម័គ្រចិត្តចំនួន ២,២លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងត្រីមាសទីពីរ ដោយបានផ្តល់ការគាំទ្របន្ថែមដល់ទីផ្សារ ចំពេលដែលមានការព្រួយបារម្ភអំពីកំណើនពិភពលោក និងការកើនឡើងទិន្នផលនៅខាងក្រៅក្រុមរបស់ពួកគេ៕